យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងមូស្គូជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈរុស្ស៊ីបានបាញ់មីស៊ីលចូលទីក្រុងគីវ និងក្នុងពេលដែលប្រធានាធិបតី លោក Volodymyr Zelenskyy ស្វះស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន ៥៥៥ គ្រឿង នៅលើតំបន់ជាច្រើនកាលពីពេលយប់ ហើយយានដ្រូនជិត២០០គ្រឿង ត្រូវបានស្ទាក់ចាប់ ខណៈយានទាំងដ្រូនទាំងនេះកំពុងខិតចូលទៅជិតរដ្ឋធានីរបស់រុស្ស៊ី។

លោក Sergey Sobyanin អភិបាលក្រុងមូស្គូបាននិយាយថា យានដ្រូនជាច្រើនគ្រឿងបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែង ហើយកងកម្លាំងការពារដែនអាកាសបានបន្តវាយរុញច្រានការវាយប្រហារទ្រង់ទ្រាយធំនេះ។ យានដ្រូនជាច្រើនគ្រឿង បានទៅដល់រោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូ ហើយមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង បានរងការបំផ្លាញតិចតួច។ ការវាយប្រហារលើរោងចក្រប្រេង គឺជាលើកទីពីរហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអង្គារ ដែលបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេង ខណៈការបំផ្លាញដល់រោងចក្រថាមពលរបស់រុស្ស៊ី ធ្វើឱ្យវិបត្តិប្រេងឥន្ធនៈរបស់ប្រទេសកាន់តែអាក្រក់។
អភិបាលតំបន់បាននិយាយថា នៅក្នុងតំបន់ជុំវិញទីក្រុងមូស្គូ អគារលំនៅឋានខ្ពស់ៗ រោងចក្រឧស្សាហកម្ម និងលំនៅឋានឯកជនមួយចំនួនក៏ត្រូវបានបំផ្លាញក្នុងការវាយប្រហារដោយយានដ្រូន។ អាកាសយានដ្ឋាន Sheremetyevo ជាអាកាសយានដ្ឋានមមាញឹកបំផុតរបស់ទីក្រុងមូស្គូ បានផ្អាកជើងហោះហើរ និងជម្លៀសមនុស្សចេញ ខណៈមនុស្សជាច្រើនបានស្វែងរកទីជ្រកកោននៅចំណតរថយន្ត ។