ខណៈទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយការចូលរួមរបស់ខ្លួនក្នុងវិស័យការពារជាតិរបស់អឺរ៉ុប ប្រមុខសម្ព័ន្ធយោធាណាតូ បានបញ្ជាក់ថា ប្រទេសជាសមាជិកផ្សេងទៀតរបស់ខ្លួនបានបង្ហាញពីផែនការជំរុញសមត្ថភាពការពារជាតិរបស់ពួកគេ។

ប្រមុខការពារជាតិនៃប្រទេសជាសមាជិកណាតូ បានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធមិត្តក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាអំពីបញ្ហាដូចជាស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់ និងការបង្កើនការចំណាយលើវិស័យការពារជាតិ។ លោក Mark Rutte អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ការជំរុញជាថ្មីដើម្បីបង្កើនប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការការពារជាតិឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ត្រូវបានព្រមព្រៀង។ លោក Rutte បាននិយាយបន្ថែមថា ណាតូ នឹងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ ប្រហែលជាការផ្លាស់ប្តូរធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ក្រោយមក កិច្ចប្រជុំស្តីពីជំនួយយោធាសម្រាប់អ៊ុយក្រែនបានធ្វើឡើង ដោយមានការចូលរួមពីប្រធានាធិបតីរបស់ប្រទេសនេះ លោក Volodymyr Zelenskyy។ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនខ្វះយានលើដីគោកគ្មានមនុស្សបើក និងគ្រាប់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ។ លោកបានសង្កត់ធ្ងន់ថា ទាំងពីរនេះគឺត្រូវការជាបន្ទាន់។
លោក Zelenskyy បានពន្យល់ថា មូលនិធិសម្រាប់ការផ្គត់ផ្គង់ទាំងនេះ និងបរិមាណដែលផលិតនៅអឺរ៉ុបមិនគ្រប់គ្រាន់ទេ។ ក្នុងអំឡុងកិច្ចប្រជុំនេះ ប្រទេសអាល្លឺម៉ង់ ហូឡង់ និងប្រទេសចំនួនប្រាំបីផ្សេងទៀត បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុថ្មីដល់ក្របខ័ណ្ឌមួយដើម្បីទិញសព្វាវុធ និងយុទ្ធោបករណ៍ផ្សេងទៀតដែលផលិតនៅសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ហើយចក្រភពអង់គ្លេសក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស រ៉ាដា និងសម្ភារៈផ្សេងៗទៀត។