លោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនាថា ប្រសិនបើមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះបញ្ហានៃការដកទណ្ឌកម្មអាចត្រូវបានដោះស្រាយ ប៉ុន្តែបាននិយាយបន្ថែមថានៅមិនទាន់មាននៅឡើយទេ។

លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រទេសសហភាពអឺរ៉ុបថា «នៅពេលដែលលក្ខខណ្ឌនានាអនុញ្ញាត រដ្ឋជាសមាជិកនឹងពិភាក្សាថាតើការដកទណ្ឌកម្ម សមស្របឬយ៉ាងណា ប៉ុន្តែយើងមិនទាន់ធ្វើនៅឡើយទេ»។

កាលពីមុន សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ បង្កកទ្រព្យសកម្ម ដែលគ្រប់គ្រងដោយធនាគារកណ្តាលអ៊ីរ៉ង់ និងបញ្ឈប់ពាណិជ្ជកម្មលោហៈមានតម្លៃ និងគីមីឥន្ធនៈ ទៅ និងមកពីប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ២០១២។
ទណ្ឌកម្មក៏បានដាក់ការរឹតត្បិតលើពាណិជ្ជកម្មបរទេស សេវាហិរញ្ញវត្ថុ និងវិស័យថាមពលនិងបច្ចេកវិទ្យា។ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងបានដាក់ទណ្ឌកម្មថ្មីនៅឆ្នាំនេះ ជុំវិញការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់។