រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Mykhailo Fedorov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៨ មិថុនា សប្ដាហ៍នេះថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានសន្យាផ្តល់ជំនួយយោធាប្រហែល ១ ពាន់លានដុល្លារតាមរយៈកម្មវិធីបញ្ជីតម្រូវការអាទិភាពសម្រាប់អ៊ុយក្រែន (PURL) របស់សម្ព័ន្ធយោធាណាតូនៅក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅទីក្រុងព្រុចសែល ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ ដែលត្រូវបានគេស្គាល់ថាជាក្រុម Ramstein លោក Fedorov បានពិពណ៌នាអំពីកញ្ចប់នេះថាទំនងជាការចូលរួមចំណែកដ៏ធំបំផុតមិនធ្លាប់មានសម្រាប់យន្តការកម្មវិធីបញ្ជីតម្រូវការអាទិភាពសម្រាប់អ៊ុយក្រែន។ លោកបានបន្ថែមថា បណ្ដាដៃគូក៏បានសន្យាផ្តល់ជំនួយប្រហែល ៥០០ លានដុល្លារសម្រាប់ប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់លើសពី ៣០ គីឡូម៉ែត្រ ផងដែរ។

លោក Fedorov បាននិយាយថា ការប្តេជ្ញាចិត្តថ្មីទាំងនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងក្នុងចំណោមខ្នងបង្អែករបស់ទីក្រុងគីវ ដោយលើកឡើងពីអ្វីដែលលោកបានហៅថាជាវឌ្ឍនភាពរបស់អ៊ុយក្រែននៅលើសមរភូមិ និងក្នុងការវាយប្រហារប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
លោកបាននិយាយថា សម្ព័ន្ធមិត្តបានមើលឃើញរយៈពេលបច្ចុប្បន្នជា "បង្អួចនៃឱកាស" ហើយកំពុងស្វែងរកការផ្តល់ធនធានដល់អ៊ុយក្រែន៕
