ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមថ្មីៗនេះ បានបំផ្លាញលំនៅឋានប្រហែល ៦៨.000 ខ្នង និងបានបង្កការខូចខាតដល់ទឹកដីលីបង់ជិត ១៨ ភាគរយ ដោយបង្ហាញពីទំហំនៃបញ្ហាប្រឈមដែលប្រទេសនេះ កំពុងជួបប្រទះ ខណៈពេលដែលកំពុងបន្តការស្តារឡើងវិញ និងកំណែទម្រង់។
លោក Aoun បានធ្វើការអត្ថាធិប្បាយនេះ អំឡុងពេលជួបជាមួយគណៈប្រតិភូបរទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីលីបង់។
លោក Aoun បាននិយាយថា ប្រទេសលីបង់នៅតែបន្តរងទុក្ខ ដោយសារផលវិបាកនៃសង្គ្រាម ដែលលោកបានលោកឡើងថា បានសម្លាប់មនុស្សជាង ៣.៥០០នាក់ ក្នុងនោះមានកុមារ ២៤៥ នាក់ របួស ១១.000 នាក់ផ្សេងទៀត និង មនុស្សប្រហែល ១ លាននាក់ បានផ្លាស់ទីលំនៅ ដោយជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក។
លោកបានកត់សម្គាល់ថា ការខូចខាតបានពង្រីកហួសពីគោលដៅយោធាទៅកាន់អគារលំនៅឋាន ផ្លូវថ្នល់ បរិក្ខារអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធទឹក សាលារៀន និងមន្ទីរពេទ្យ ដោយធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដល់ការវិលត្រឡប់របស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ មុនពេលកិច្ចខិតខំប្រឹងប្រែងកសាងឡើង វិញចាប់ផ្តើម។
លោក Aoun ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកចំពោះកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋបាល និងតុលាការ៕

