កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃព្រហស្បតិ៍ បានចេញផ្សាយផែនទីប្រតិបត្តិការលម្អិតមួយ គូសបញ្ជាក់ពី «តំបន់សន្តិសុខ» ដែលបានកំណត់ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់។
យោងតាមផែនទីនេះ និងសេចក្តីថ្លែងការណ៍យោធា តំបន់ទ្រនាប់នេះលាតសន្ធឹងរហូតដល់ប្រហែល ១០ គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីលីបង់។
ក្រាហ្វិកនេះក៏បង្ហាញពីការគ្រប់គ្រងដែនសមុទ្រយ៉ាងទូលំទូលាយតាមរយៈតំបន់សន្តិសុខកងទ័ពជើងទឹកដែលបានកំណត់ និងលាតសន្ធឹងចូលទៅក្នុងដែនទឹកលីបង់នៅសមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះ បរិវេណសន្តិសុខលាតសន្ធឹងទៅទិសខាងកើតបន្ថែមទៀតតាមបណ្តោយព្រំដែនលីបង់-ស៊ីរី។
កងទ័ពអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សន្តិសុខ នឹងបន្តលុបបំបាត់ការគំរាមកំហែង និងពង្រឹងការការពារប្រជាជនភាគខាងជើងរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថា យោធាអ៊ីស្រាអែល នឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខនៅលីបង់ ដរាបណាតម្រូវការសន្តិសុខរបស់អ៊ីស្រាអែល តម្រូវឲ្យមាននោះ៕

