សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទាមទារឱ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដ៏តានតឹងមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ខណៈ សម្ព័ន្ធមិត្តអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ និងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន លោក Riyad Mansour បានចោទប្រកាន់អ៊ីស្រាអែលពីបទសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១.០០០នាក់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន និងបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដោយព្រមានថា កុមារម្នាក់ក្នុងចំណោមកុមារបួននាក់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះនៅតែប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
លោក Danny Danon បេសកជនអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បានច្រានចោលការរិះគន់នេះ ដោយបញ្ជាក់ថាអ៊ីស្រាអែលនឹងមិនសហការជាមួយអង្គការដែលអនុញ្ញាតឱ្យក្រុមភេរវករលាក់ខ្លួននៅពីក្រោយស្លាកឡូហ្គោមនុស្សធម៌ និងបានចោទប្រកាន់ក្រុមហាម៉ាសថា បានកេងប្រវ័ញ្ចវិបត្តិជំនួយដើម្បីគេចពីសម្ពាធអន្តរជាតិ។
អ្នកតំណាងសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បានគាំទ្រជំហររបស់អ៊ីស្រាអែល ដោយចាត់ទុកក្រុមហាម៉ាសថាជា «ក្រុមភេរវករដែលកំពុងយកប្រជាជនតំបន់ហ្កាហ្សាធ្វើជាចំណាប់ខ្មាំង» និងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់សម្ពាធលើក្រុមនេះឱ្យអនុវត្តផែនការរំសាយអាវុធ។

