អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានដកខ្លួនចេញពីការធ្វើដំណើរដែលបានគ្រោងទុក ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វីស នាថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលមានគោលបំណងចាប់ផ្តើមកិច្ចពិភាក្សាដ៏ស្មុគស្មាញ ស្ដីពីការអនុវត្តកិច្ចព្រមព្រៀង ១៤ចំណុច រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំង២។
ការលុបចោលកិច្ចពិភាក្សានេះ ត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសស្វីស ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនៅរមណីយដ្ឋានកំពូលភ្នំ Burgenstock នឹងមិនកើតឡើងឡើយ។

មន្ត្រីអាមេរិកបានឲ្យដឹងនៅសប្តាហ៍នេះថា ពួកគេនឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ សម្រាប់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវរបស់ស្វីស ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញការសង្ស័យ ជុំវិញរឿងនោះ ដោយបញ្ជាក់ថា វាមិនមានភាពចាំបាច់ទេ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃពុធ។
អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស បន្ទាប់ពីគូអរិទាំង២ បានពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយយ៉ាងហោចណាស់ ៦០ថ្ងៃជាមួយនឹងកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មុនពេលមានការប្រកាសរបស់លោក Vance ថា ក្រុមអ្នកចរចាអ៊ីរ៉ង់ត្រូវឃើញសញ្ញា ដែលបង្ហាញនូវការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នពីសហរដ្ឋអាមេរិកសិន មុនពេលការចរចាសន្តិភាពជុំបន្ទាប់ អាចចាប់ផ្តើម ហើយថា មិនមានការបញ្ជាក់ថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនោះឡើយ។
អ្នកនាំពាក្យសេតវិមាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោក Vance និងគណៈប្រតិភូអាមេរិក បានត្រៀមរួចរាល់ហើយ ដើម្បីចេញដំណើរភ្លាមៗ នៅពេលដែលផែនការ សម្រាប់ការចរចា ត្រូវបានបញ្ចប់សព្វគ្រប់។ យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍បានបន្ថែមថា «ប៉ុន្តែការរៀបចំជាក់ស្ដែងនៃការចរចាទាំងនេះ មិនមែនជាបញ្ហាសាមញ្ញ ឬអាចទស្សន៍ទាយដឹងមុនបានឡើយ»៕
