សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) ថា អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Stephen Feinberg បានប្រាប់សមជិកសភាតាមទូរស័ព្ទនៅសប្តាហ៍នេះថា មន្ទីរបញ្ចកោណត្រូវការថវិកា ៨០ពាន់លានដុល្លារ ដើម្បីទូទាត់ការចំណាយ ក្នុងសង្គ្រាមអ៊ីរ៉ង់ ព្រមទាំងការចំណាយមិនពាក់ព័ន្ធសង្គ្រាមផ្សេងទៀត។
ដោយដកស្រង់សម្តីបុគ្គលដែលដឹងពីការពិភាក្សា សារព័ត៌មាន WSJ បានរាយការណ៍ថា មន្ត្រីក្រសួងការពារជាតិ និយាយថា ទីភ្នាក់ងារនានា អាចនឹងអស់ថវិកា សម្រាប់ប្រតិបត្តិការ នារដូវក្តៅនេះ ប្រសិនបើសភាមិនអនុម័តសេចក្តីព្រាងច្បាប់ចំណាយថ្មី ក្នុងសម័យសង្គ្រាមទេនោះ។
សំណើសុំថវិកាបន្ថែមណាមួយរបស់មន្ទីរបញ្ចកោណ នឹងតម្រូវឲ្យមានការយល់ព្រមពីការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមានជាមុនសិន មុនពេលដាក់ជូនសភា។ ថវិការបស់ក្រសួងការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ មានចំនួនប្រហែល ១សែនកោដិដុល្លារ។
យោងតាមរបាយការណ៍នេះ បានឲ្យដឹងទៀតថា អ្នកដែលដឹងពីការពិភាក្សា បានបញ្ជាក់ថា មន្ទីរបញ្ចកោណ មានទំនុកចិត្តគ្រប់គ្រាន់ ជុំវិញផែនការដែលលោក Feinberg បានជម្រាបជូនសមាជិកសភា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ បើយោងតាមប្រភពមួយ ក្នុងចំណោមនោះ បានប្រាប់ថា មួយចំនួននៃថវិកានោះ នឹងត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការដឹកជញ្ជូន ប្រាក់បៀវត្សរ៍បុគ្គលិក និងគ្រាប់រំសេវ ក្នុងចំណោមការចំណាយផ្សេងទៀត។
ការទាក់ទងរបស់លោក Feinberg ទៅកាន់សមាជិកសភានេះ កើតឡើងស្របពេលមានកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth និងសមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅវិមាន Capitol Hill ក្នុងសប្តាហ៍នេះ ដែលលទ្ធភាពនៃសំណើសុំថវិកាការពារជាតិបន្ថែមត្រូវបានលើកយកមកពិភាក្សា។ នេះបើយោងតាមការឲ្យដឹងពីសមាជិកសភា៕


