យោងតាមសារព័ត៌មាន Japan Today បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi មានគម្រោងទៅទស្សនកិច្ចនៅប្រទេសទួរគី នាដើមខែកក្កដានេះ ដើម្បីចូលរួមព្រឹត្តិការណ៍ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) និងធ្វើកិច្ចប្រជុំជាមួយសមភាគីការពារជាតិ។

ការធ្វើដំណើរនេះ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង Ankara នៅថ្ងៃទី ៧-៨ ខែកក្កដា នឹងគូសបញ្ជាក់ពីការចូលរួមផ្នែកសន្តិសុខកាន់តែខ្លាំងឡើងរបស់ជប៉ុនជាមួយសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក និងដៃគូរបស់ខ្លួន ទោះបីជាប្រទេសនេះមិនមែនជាសមាជិកអង្គការណាតូក៏ដោយ។
ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Mainichi Media បានឲ្យដឹង លោក Koizumi ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការជួបជុំ ទាក់ទងនឹងអង្គការណាតូ និងធ្វើការចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិមកពីរដ្ឋជាសមាជិកនៃសម្ព័ន្ធភាពនេះ នៅក្រៅកិច្ចប្រជុំកំពូល។
របាយការណ៍នេះ បានឲ្យដឹងថា ការពិភាក្សាទំនងជាផ្តោតលើបញ្ហាប្រឈមសន្តិសុខ ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការការពារជាតិ។ ប្រទេសជប៉ុនបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងវិស័យនានា ដូចជាការការពារតាមប្រព័ន្ធអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ បច្ចេកវិទ្យាថ្មីៗ និងការគាំទ្រដល់អ៊ុយក្រែន៕
