សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទាមទារឲ្យរំសាយអាវុធក្រុមហាម៉ាស អំឡុងជំនួបរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(UN) ស្របពេលដែលសម្ព័ន្ធមិត្តអន្តរជាតិ បានបរិហារ និងចោទប្រកាន់អ៊ីស្រាអែលថា បានបំពានបទឈប់បាញ់ដ៏ផុយស្រួយ និងរារាំងជំនួយមនុស្សធម៌ដ៏ចាំបាច់ ។
លោក Riyad Mansour គឺជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ជនប៉ាឡេស្ទីនជាង ១ពាន់នាក់ ចាប់តាំងពីបទឈប់បាញ់ចូលចាធរមាន និងបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងនោះ កុមារម្នាក់ក្នុងចំណោមកុមារ ៤នាក់នៅដែនដីបិទច្រកមួយនេះ នៅប្រឈមកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
ចំណែកឯប្រេសិតពិសេសអ៊ីស្រាអែលប្រចាំនៅ UN លោក Danny Danon ច្រានចោលការរិះគន់នេះ ដោយលោកបញ្ជាក់ថា អ៊ីស្រាអែលនឹងមិនសហការជាមួយអង្គការនាំឲ្យក្រុមភេរវករលក់ខ្លួនពីក្រោយឡូហ្គោមនុស្សធម៌របស់ពួកគេឡើយ ហើយនិងបានចោទប្រកាន់ក្រុមហាម៉ាសថា កេងប្រវ័ញ្ចវិបត្តិជំនួយ ដើម្បីគេចវេសពីសម្ពាធអន្តរជាតិ ។
ដោយឡែក អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំនៅ UN លោក Tammy Bruce គាំទ្រគោលជំហររបស់អ៊ីស្រាអែល ដោយរូបលោកនិយាយថា ក្រុមភេរវកម្មមួយនេះ បានយកពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាធ្វើជាចំណាប់ខ្មាំង និងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់សម្ពាធពួកគេឲ្យអនុវត្តផែនការរំសាយអាវុធ ។
ទោះបីជាយ៉ាងក៏ដោយ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមទាំងអង់គ្លេស និងបារាំង បានចូលរួមជាមួយចិន ដើម្បីចោទប្រកាន់ការបំពានបទឈប់បាញ់របស់អ៊ីស្រាអែល ក្នុងនោះឯកអគ្គរដ្ឋទូតអង់គ្លេសលោក James Kariuki បានធ្វើការសង្កត់ធ្ងន់ថា តួនាទីរបស់អ៊ីស្រាអែល ដើម្បីសម្របសម្រួលជំនួយ ពុំមែនជាលក្ខខណ្ឌលើការរំសាយអាវុធក្រុមហាម៉ាសនោះឡើយ ៕

