បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) បានបញ្ជាក់ជាថ្មីនូវ «ការគាំទ្រយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ» របស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែន ដោយសន្យាបន្តផ្ដល់ជំនួយផ្នែកនយោបាយ ហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ខណៈពេលដែលជំរុញឲ្យរុស្ស៊ីយល់ព្រមមានបទឈប់បាញ់ពេញលេញ ដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ។
កិច្ចប្រជុំ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) ក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួន ចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងរង្វង់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ដោយសង្កត់ធ្ងន់ថា មានតែការដោះស្រាយដោយផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់អន្តរជាតិប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
ក្រុមប្រឹក្សាបានលើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួនថា «ផ្លូវឆ្ពោះទៅរកសន្តិភាព នៅប្រទេសអ៊ុយក្រែន មិនអាចសម្រេចដោយគ្មានអ៊ុយក្រែនបានទេ» ដោយបន្ថែមថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងបានឡើយ ហើយថា «អ្នកឈ្លានពានមិនអាចទទួលបានអ្វីនោះទេ»។
ជាមួយគ្នានេះ ក្រុមប្រឹក្សាបានស្វាគមន៍ចំពោះចង្កោមនៃការចរចាលើកដំបូង ពាក់ព័ន្ធនឹងគោលនយោបាយនានា នៅក្នុងដំណើរការចូលជាសមាជិករបស់អ៊ុយក្រែននៅថ្ងៃទី១៥ ខែមិថុនា ហើយបានបញ្ជាក់ថា ខ្លួនទន្ទឹងរង់ចាំការចាប់ផ្តើមកិច្ចការបន្ថែម ក្រោមដំណើរការពង្រីកសមាជិកផ្អែកលើគុណសម្បត្តិរបស់ប្លុក។
លើសពីនោះទៀត មេដឹកនាំ EU បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាការបង្កើនការវាយប្រហារថ្មីៗរបស់រុស្ស៊ី រួមទាំងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ដូចជាការវាយប្រហារលើអារាមប្រវត្តិសាស្រ្ត Kyiv-Pechersk Lavra ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ (UNESCO) ផងដែរ៕