ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai បានស្វាគមន៍ច្បាប់ថ្មីហាមប្រាមក្មេងៗអាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់ព័ត៌មានសង្គម ស្របពេលដែលអារ៉ាប់រួមក្លាយជាប្រទេសអារ៉ាប់លើកដំបូងគេ បង្កើតការរឹតត្បិតបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ។
ប្រទេសអារ៉ាប់រួម បានកំណត់អាយុអប្បបរមាសម្រាប់ការចូលប្រើប្រាស់បណ្តាញសង្គម ក្រោមច្បាប់ថ្មីដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ។
កុមារអាយុក្រោម១៥ ឆ្នាំត្រូវបានហាមឃាត់មិនឲ្យបង្កើត ឬប្រើប្រាស់គណនីបណ្តាញព័ត៌មានសង្គមផ្ទាល់ខ្លួនឡើយ ហើយពួកគេក៏ត្រូវបានហាមឃាត់មិនឲ្យបង្ហោះ បញ្ចេញមតិ ចែករំលែក ឬចូលរួមក្រុមជាសាធារណៈផងដែរ ។
រដ្ឋាភិបាលនិយាយថា ចំណាត់ការនេះមានគោលបំណងការពារកុមារពីមាតិការដែលមិនសមរម្យ ហានិភ័យតាមបណ្តាញអ៊ីនធឺណិត និងការប្រើប្រាស់ហួសហេតុ ហើយឪពុកម្តាយ នៅប្រទេសអារ៉ាប់រួមបានស្វាគមន៍ចំពោះវិធានការថ្មីនេះ ។
នៅហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុង Dubai អ្នកស្រី Pelin Urgancilar គឺជាពលរដ្ឋអារ៉ាប់រួមមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកស្រីពិតពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការសម្រេចចិត្តបែបនេះ ៕

