រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើតមាននៅឧបទ្វីប Kamchatka តំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ជាការរញ្ជួយចុងក្រោយបំផុត ក្នុងចំណោមការរញ្ជួយជាបន្តបន្ទាប់ដែលត្រូវបានកត់ត្រានៅឆ្នេរសមុទ្ររបស់តំបន់នេះ។
ដោយដកស្រង់ពីសាខាតំបន់របស់ទីភ្នាក់ងារភូមិសាស្ត្របង្រួបបង្រួម (UGS) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (RAS) ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍ថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១៥,៤គីឡូម៉ែត្រ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ចំណុចកណ្តាលនៃរញ្ជួយដីនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១៨៣ គីឡូម៉ែត្រ ពី Petropavlovsk-Kamchatsky ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Kamchatka។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការរញ្ជួយដីនេះក៏ត្រូវបានគេមានអារម្មណ៍ដឹង នៅក្នុងទីក្រុងកំពង់ផែផងដែរ។
UGS បានឲ្យដឹងបន្ថែមថា រញ្ជួយដីនេះបានបន្តមកដោយដោយការរញ្ជួយកម្រិត ៥,៦រ៉ិចទ័រ ដែលត្រូវបានកត់ត្រា នៅឆ្នេរសមុទ្រ Kamchatka នៅម៉ោង ៦:៥១ ម៉ោងសកល។ មិនមានរបាយការណ៍ភ្លាមៗនៅឡើយទេ អំពីអ្នកស្លាប់ និងរបួស ឬការខូចខាត៕