ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់ ដែលបានពង្រីកកាន់តែធំ បណ្តាលឲ្យមានការសម្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើន ហើយបានអំពាវនាវឲ្យមាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
តាមរយៈសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកនៅលើវេទិកាបណ្ដាញសង្គម X លោក Aoun បានលើកឡើងថា៖ «អ្វីដែលយើងកំពុងឃើញនៅថ្ងៃនេះ នៅភាគខាងត្បូង និងតំបន់ Bekaa ការពង្រីកការវាយប្រហាររបស់អ៊ីស្រាអែល និងការសម្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើន បង្កើតបានជាការកើនឡើងនូវភាពតានតឹងដ៏គ្រោះថ្នាក់ និងត្រូវបានថ្កោលទោស»។
លោក Aoun បានបន្ថែមថា៖ «ការវាយប្រហារទាំងនេះបានប៉ះពាល់ដល់មនុស្សស្លូតត្រង់រាប់សិបនាក់ រួមទាំងស្ត្រី និងកុមារផងដែរ ហើយកំពុងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់ និងបញ្ចប់សង្គ្រាម ជាពិសេសបន្ទាប់ពីមានការវិវត្តថ្មីៗ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ តែការវាយប្រហារថ្មីៗទាំងនោះ នឹងមិនរារាំងយើងមិនឲ្យធ្វើការ ដើម្បីសម្រេចបាននូវបទឈប់បាញ់គ្រប់ជ្រុងជ្រោយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះទេ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះកើតមានបន្ទាប់ពីជនជាតិលីបង់យ៉ាងហោចណាស់ ៣១នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូង និងភាគខាងកើតនសប្រទេសលីបង់ ចាប់តាំងពីព្រឹកថ្ងៃសុក្រ ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារប្រទេសនេះ ទោះបីជាកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចូលជាធរមានក៏ដោយ៕