ទីភ្នាក់ងារទេសចរណ៍ចិនជាច្រើន បានចាប់ផ្ដើមទទួលយកការកក់ឡើងវិញ សម្រាប់ដំណើរកម្សាន្តជាក្រុមទៅកាន់ប្រទេសជប៉ុន ប៉ុន្តែក្រោយមកក្រុមហ៊ុនខ្លះបានបញ្ឈប់ការលក់ បន្ទាប់ពីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អំពីការវិវត្តនេះ បានទាក់ទាញការចាប់អារម្មណ៍នៅក្នុងប្រទេសចិន។ នេះបើយោងតាមប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះ។
ក្រុមហ៊ុនទេសចរណ៍កំពុងរៀបចំផែនការ និងលក់ដំណើរកម្សាន្តជាក្រុម សម្រាប់រដូវវិស្សមកាលរដូវក្តៅខែកក្កដា-សីហា ខណៈដែលជប៉ុននៅតែជាគោលដៅដ៏ពេញនិយម ក្នុងចំណោមភ្ញៀវទេសចរចិន។ នេះបើយោងតាមប្រភពឧស្សាហកម្មមួយ។
ប្រភពនេះបាននិយាយថា៖ «ទីភ្នាក់ងារទេសចរណ៍មិនអាចបន្តដំណើរការបានទេ (ក្នុងនាមជាអាជីវកម្ម) ប្រសិនបើពួកគេមិនផ្តល់ជូន (ដំណើរកម្សាន្តទៅជប៉ុន)»។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានជំរុញឲ្យពលរដ្ឋចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការកត់សម្គាល់ កាលពីខែវិច្ឆិកាឆ្នាំមុន ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងការចូលរួមដែលអាចកើតមានរបស់ជប៉ុន ប្រសិនបើកោះតៃវ៉ាន់កើតមានហេតុការណ៍ផ្ទុះសង្គ្រាម។
រដ្ឋាភិបាលចិនក៏បានណែនាំដល់ទីភ្នាក់ងារទេសចរណ៍ធំៗក្នុងស្រុក ឲ្យកាត់បន្ថយការដាក់ពាក្យសុំទិដ្ឋាការទៅកាន់ជប៉ុន និងកាត់បន្ថយអ្នកទៅលេងកម្សាន្តមកត្រឹម ៦០ភាគរយនៃកម្រិតធម្មតា ដែលជំរុញឲ្យមានការលុបចោល និងផ្អាកដំណើរកម្សាន្តជាក្រុម៕