ទីភ្នាក់ងារព័ត៌មានរដ្ឋ NNA របស់លីបង់ រាយការណ៍ថា សំណុំផ្សែងត្រូវបានមើលឃើញហុយនៅតំបន់ភាគខាងត្បូងលីបង់នាថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨នាក់ ។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោច ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេស ខណៈយោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ដូចគ្នា នៅក្នុងឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការកើនឡើងភាពតានតឹងថ្មី បានចាប់ផ្តើម ។
ក្រសួងសុខាភិបាលលីបង់និយាយទៀតថា ការវាយប្រហារតាមច្រកអាកាសដ៏ខ្លាំងក្លាចាប់តាំងពីយប់ពាក់កណ្តាលអាធ្រាត្ររហូតមក បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ហើយការជម្លៀសខ្លួន ហើយ ចំនួនមនុស្សស្លាប់ ១៨នាក់ និងមនុស្ស ៣៣នាក់ផ្សេងទៀត រងរបួសដែលត្រូវបានរាយការណ៍ដំបូង អាចនឹងកើនឡើង ។
អ្នកស្រុក និងសារព័ត៌មានលីបង់ រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំ បានកើតឡើងនៅតាមទីក្រុងជាច្រើន ក្នុងស្រុក Nabatieh កាលពីយប់កន្លងទៅ និងព្រឹកថ្ងៃសុក្រនេះ ដែលស្ថិតក្នុងចំណោកការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
អ៊ីស្រាអែលនិយាយថា ការវាយប្រហារនេះ មានគោលដៅលើតំបន់ប្រតិបត្តិការសឹក និងហេដ្ឋារចនាសម្ព័ន្ធក្រុមហេសបូឡា នៅតំបន់ភាគខាងត្បូងលីបង់ ហើយនិងបានធ្វើឡើង ជាការឆ្លើយតបចំពោះការបំពានបទឈប់បាញ់ម្តងហើយម្តងទៀតរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ។
ដោយឡែក ក្រុមហេសបូឡានិយាយថា ក្រុមយុទ្ធជនរបស់ខ្លួន បានពួនស្ទាក់វាយប្រហារកងកម្លាំងអ៊ីស្រាអែលដែលបានរុលចូលតំបន់ភ្នំ Ali al-Taher ស្ថិតនៅភាគខាងត្បូងលីបង់ ដោយបានបំផ្លាញរថក្រោះ Ali al-Taher ៣គ្រឿង ជាមួយមីស៊ីលតម្រង់គោលដៅ និងវាយប្រហារទាហានរបស់ពួកគេ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត និងបាញ់គ្រាប់កាំភ្លើងធំ ៕