មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានព្រមព្រៀងមានបទឈប់បាញ់ចាប់ពីម៉ោង ៤រសៀល ម៉ោងក្នុងស្រុក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ បន្ទាប់ពីអរិភាពរវាងភាគីទាំង២ បានកើនឡើងយ៉ាងខ្លាំងពេញមួយយប់ នៅលីបង់។
មន្ត្រីរូបនេះបានប្រាប់ឲ្យដឹងថា៖ «ក្រុមហេសបូឡា និងប្រទេសអ៊ីស្រាអែល បានព្រមព្រៀងមានបទឈប់បាញ់»។ មន្ត្រីដដែលនេះបានបន្ថែមថា៖ «អ្នកចរចា សម្រាប់សហរដ្ឋអាមេរិក និងកាតា បានដោះស្រាយឲ្យឈានដល់កិច្ចព្រមព្រៀងនេះដោយមានជំនួយពីអ៊ីរ៉ង់។ ហើយយើងដឹងថា បន្ទាប់ពីមានការបាញ់ប្រហារគ្នា កាលពីព្រឹកមិញនេះ អ៊ីស្រាអែល និងហេសបូឡា ឥឡូវនេះឈានដល់បទឈប់បាញ់ហើយ»។
ការកើនឡើងនូវអំពើហិង្សា នៅក្នុងប្រទេសលីបង់ បានបង្កភាពតានតឹងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលបីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយ នៅតំបន់មជ្ឈិមបូព៌ា។
សមាជិកសភាហេសបូឡាមួយរូប នៅមុននេះបានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានជូនដំណឹងដល់ក្រុមនេះថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន មិនអាចបន្តបានទេ ប្រសិនបើគ្មានការអនុវត្តបទឈប់បាញ់គ្រប់ជ្រុងជ្រោយ៕