មនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់ ចាប់តាំងពីដើមខែឧសភានៅក្នុងជំរំមួយកន្លែងសម្រាប់ជនស៊ីវិលភៀសខ្លួននៅភាគឦសានប្រទេសកុងហ្គោ ជាអត្រាស្លាប់ដែលមន្ត្រីជំរំបាននិយាយថាមិនធ្លាប់មានពីមុនមក ហើយរោគសញ្ញាទាំងនេះ អាចបង្ហាញថាជំងឺអេបូឡា កំពុងរាលដាលយ៉ាងឆាប់រហ័សនៅទីនោះ។

អ្នកនាំពាក្យជំរំនិងអង្គការជំនួយ Caritas បាននិយាយថា វាមិនអាចធ្វើទៅបានទេក្នុងការបញ្ជាក់ពីមូលហេតុនៃការស្លាប់ដោយសារតែអ្នកជំងឺ ឬសាច់ញាតិរបស់ពួកគេនៅក្នុងជំរំ Kigonze ក្នុងតំបន់ Bunia ជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបដិសេធមិនធ្វើតេស្តលើអ្នកនៅរស់ ឬអ្នកស្លាប់។

ប្រភពជំនួយបីនាក់និងមេដឹកនាំសង្គមស៊ីវិលម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេទាំងអស់សុទ្ធតែមានរោគសញ្ញារួមមាន ឈឺក្បាល គ្រុនក្តៅ និងក្អួត ដែលជាប់ទាក់ទងនឹងជំងឺអេបូឡា។
អ្នកស្លាប់នៅជំរំ Kigonze ដែលមានមនុស្សជាង១៥.០០០នាក់ បង្កើនការព្រួយបារម្ភថាជំងឺអេបូឡា អាចនឹងចរាចរដោយមិនអាចរកឃើញក្នុងចំណោមប្រជាជនជាង៥លាននាក់ដែលភៀសខ្លួនចេញនៅភាគខាងកើតប្រទេសកុងហ្គោ ដោយបដិសេធការធ្វើតេស្តដែលធ្វើឱ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ ។