អ្នកគាំទ្រកងពល Kata'ib Sayyid al-Shuhada ដែលគាំទ្រដោយអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ដើម្បីបង្ហាញការគាំទ្រ។

ការជួបជុំគ្នានេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបន្ថែមពេលបទឈប់បាញ់ និងបើកផ្លូវសម្រាប់ការចរចាបន្ថែមទៀត។
ក្រុមបាតុករ បានគ្រវីទង់ជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ កាន់រូបគំនូររបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈកំពុងស្រែកពាក្យផ្សេងៗ។

លោក Sheikh Saad al-Maliki ជាអ្នកចូលរួមក្នុងការប្រមូលផ្តុំគ្នា បាននិយាយថា លោកគាំទ្រ សាធារណរដ្ឋអ៊ីស្លាមគ្រប់ចំណាត់ការរបស់ខ្លួន ជំហរដែលខ្លួនប្រកាន់យក និងកិច្ចព្រមព្រៀងដែលខ្លួនឈានដល់ ជាពិសេសអនុស្សរណៈនៃការយោគយល់កាលពីពេលថ្មីៗនេះ។ លោក Al-Maliki បានពិពណ៌នាអំពីការជួបជុំគ្នានេះថាជា ការបង្ហាញពីជ័យជម្នះសម្រាប់ការតស៊ូនៅក្នុងតំបន់។