ប្រធានាធិបតីប្រទេសបូលីវី លោក Rodrigo Paz បានឈានដល់កិច្ចព្រមព្រៀងជាមួយសហជីពកម្មករប្រទេសបូលីវីកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ជាជំហានមួយឆ្ពោះទៅរកការដោះស្រាយជម្លោះរយៈពេល ៥០ថ្ងៃ ដែលបានធ្វើឱ្យប្រទេសនេះជាប់គាំងដោយការបិទផ្លូវ និងកង្វះការផ្គត់ផ្គង់។ នៅក្នុងសុន្ទរកថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក Paz បាននិយាយថា ប្រទេសនេះបានស៊ូទ្រាំរយៈពេល៥០ថ្ងៃដ៏លំបាក។

មេដឹកនាំសហជីពកម្មករបូលីវី លោក Mario Argollo បាននិយាយថា វិធានការដាក់សម្ពាធកំពុងត្រូវបានដកចេញនៅទូទាំងប្រទេស ដោយរដ្ឋាភិបាលប្តេជ្ញាអនុវត្តភ្លាមៗនូវអ្វីដែលត្រូវបានចុះហត្ថលេខា។ នៅខាងក្រៅវិមាន ប្រជាជនបានគ្រវីទង់ជាតិបូលីវី និងស្រែកថា «បូលីវីឈ្នះឈ្នះ» ហើយបូលីវីដែលរួបរួមគ្នា នឹងមិនចាញ់ឡើយ។

ជម្លោះនេះ បានចាប់ផ្តើមដោយកូដកម្មរបស់កម្មករកាលពីក្នុងខែឧសភា ហើយបានកើនឡើងរហូតដល់ការបិទផ្លូវដែលបានកាត់ផ្តាច់ដំណើរការចូលទៅកាន់ទីក្រុង La Paz និងទីក្រុង El Alto ជាទីជ្រកកោនរបស់ប្រជាជនប្រហែល២លាននាក់។ ក្រុមអ្នកតវ៉ា រួមទាំងសហជីពកម្មករ សហជីពកសិករ និងក្រុមដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី លោក Evo Morales បានទាមទារឱ្យរដ្ឋាភិបាលរបស់លោក Paz ដកវិធានការរឹតត្បិតថវិកា និងដោះស្រាយបញ្ហាកើនឡើងតម្លៃសម្រាប់ជីវភាពរស់នៅ។
កិច្ចព្រមព្រៀងនេះ ពុំបានបញ្ចប់ភាពវឹកវរទាំងអស់នោះទេ ខណៈក្រុមមកពីជនបទមួយចំនួនមិនបានចូលរួមក្នុងការចរចា ហើយបន្តតវ៉ា ដោយមនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ក្នុងអំឡុងពេលវិបត្តិនេះ។