មេដឹកនាំហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមនេះត្រូវតែតស៊ូប្រឆាំង នឹងអ៊ីស្រាអែលដោយអាវុធ ប្រសិនបើត្រូវបានវាយប្រហារ ដោយសង្កត់ធ្ងន់ថា ការគំរាមកំហែងសម្លាប់ នឹងមិនធ្វើឲ្យសមាជិករបស់ខ្លួនភ័យខ្លាចឡើយ។

លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុក al-Manar ថា៖« ផែនកម្ចាត់ក្រុមហេសបូឡា និងពង្រឹងការកាន់កាប់នេះ បានបរាជ័យ ហើយអ៊ីស្រាអែលនឹងដកថយកងទ័ព ពីគ្រប់ទិសទីនៃទឹកដីរបស់យើង»។

លោកបានបន្ថែមថា ប្រទេសលីបង់កំពុងប្រឈមនឹង «ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត» និង «គម្រោងអាមេរិក-អ៊ីស្រាអែល» ដែលផ្តោតលើអនាគតរបស់ប្រទេសនេះ ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរកការបង្វែរអំណាចនយោបាយរបស់លីបង់ប្រឆាំងនឹងចលនាតស៊ូ និងរារាំងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះនេះ។
លោក Qassem ក៏បាននិយាយផងដែរថា អាវុធរបស់ក្រុមហេសបូឡា គឺផ្តោតតែលើអ៊ីស្រាអែលប៉ុណ្ណោះ ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់៕