នៅពេលដែលជើងហោះហើរដែលដឹកជនជាតិនីហ្សេរីយ៉ារាប់រយនាក់ដែលភៀសខ្លួនចេញពីអាហ្វ្រិកខាងត្បូង បានចុះចត នៅអាកាសយានដ្ឋានក្នុងទីក្រុងឡាហ្គោសកាលពីសប្តាហ៍មុន អារម្មណ៍ដំបូងរបស់អ្នកដំណើរឈ្មោះ Iniebong James បានធូរស្រាល ហើយបន្ទាប់មកមានការព្រួយបារម្ភទៅវិញ។

រយៈពេលជិតពីរសប្តាហ៍បន្ទាប់ពីការវិលត្រឡប់របស់លោកទៅកាន់ស្រុកកំណើតរបស់ខ្លួន លោក James អាយុ ៥២ ឆ្នាំ កំពុងព្យាយាមតាំងលំនៅឡើងវិញនូវជីវិតដែលលោកបានចាកចេញកាលពី ១០ ឆ្នាំមុន នៅពេលដែលលោកបានវេចខ្ចប់វ៉ាលីរបស់ខ្លួន ហើយធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងជាមួយនឹងទិដ្ឋាការអ្នកទេសចររយៈពេល ៦ខែ។ លោកបានស្នាក់នៅហួសទិដ្ឋាការ ហើយទោះបីជាខ្វះការអនុញ្ញាតឲ្យស្នាក់នៅក៏ដោយ លោកបានកសាងជីវិតជាជាងជួសជុលរថយន្តនៅក្នុងខេត្ត Eastern Cape របស់ប្រទេស នេះ។

លោកបានប្រាប់សារព័ត៌មាន APថា លោកបានស៊ូទ្រាំរហូតដល់ខ្លួនត្រូវបានវាយប្រហារដោយក្រុមបាតុករប្រឆាំងនឹងជនអន្តោប្រវេសន៍ នៅក្នុងខែឧសភា ដែលធ្វើឲ្យលោកមានរបួសក្បាល។
ការវាយប្រហារលើលោក James បានកើតឡើង ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃអារម្មណ៍ប្រឆាំងនឹងជនអន្តោប្រវេសន៍នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលដែលមានការដង្ហែក្បួនអំពាវនាវឲ្យជនអន្តោប្រវេសន៍នៅក្នុងប្រទេសនេះ ចាកចេញដោយខុសច្បាប់ និងរបាយការណ៍អំពីអំពើហិង្សាប្រឆាំងនឹងជនបរទេសមួយចំនួន៕