មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោកស្រី Dinorah Figuera បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា លោកស្រីកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំ មួយថ្ងៃបន្ទាប់ពីវិលត្រឡប់មកពីការនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីចាប់ផ្តើមការសន្ទនាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសនេះ។

អតីតសមាជិកសភារូបនេះ ដែលមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីលើកកម្ពស់របៀបវារៈអន្តរកាលប្រជាធិបតេយ្យ បន្ទាប់ពីការដួលរលំរបស់មេដឹកនាំផ្តាច់ការ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានមកដល់ប្រទេសវ៉េណេស៊ុយអេឡាដោយមិននឹកស្មានដល់ នាថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយប្រធានរដ្ឋសភា។

លោកស្រី Figuera បានប្រាប់សារព័ត៌មាន AFP តាមរយៈសារសំឡេង WhatsApp ថា៖«ខ្ញុំនឹងទៅទីក្រុង Miami ដើម្បីវាយតម្លៃអ្វីៗគ្រប់យ៉ាងដែលនឹងកើតឡើង។ ខ្ញុំមានកិច្ចប្រជុំជាច្រើន» ខណៈពេលដែលមិនបានបញ្ជាក់ថា លោកស្រីនឹងជួបជាមួយអ្នកណាខ្លះនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសវ៉េណេស៊ុយអេឡា រវាងប្រធានរដ្ឋសភា លោក Jorge Rodriguez និងលោកស្រី Figuera ដែលបានវិលត្រឡប់មកទីក្រុងការ៉ាកាសវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ៨ឆ្នាំ «គឺជាជំហានដំបូងនៃអ្វីដែលនឹងក្លាយជាដំណើរការដ៏ឈ្លាសវៃមួយ ដើម្បីធានាបាននូវសង្គមវ៉េណេស៊ុយអេឡាដ៏សេរី និងបើកចំហ»៕