អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការអន្តរជាតិនៃសភាតំណាងរាស្ត្របេឡារុស (សភាជាន់ទាប) លោក Oleg Gaidukevichថា វ៉្លូឌីមី ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យបេឡារុស និងអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះយោធា។

នាពេលថ្មីៗនេះ លោក ហ្សេឡិនស្គី បានធ្វើការគំរាមកំហែងបន្ថែមទៀតប្រឆាំងនឹងបេឡារុស ដោយនិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជាឲ្យមានការវាយប្រហារលើគ្រឿងយុទ្ធោបករណ៍ ដែលត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយនៅតាមព្រំដែន ប្រសិនបើវាមិនត្រូវបានដកចេញក្នុង រយៈពេលមួយសប្តាហ៍នោះទេ។

សមាជិកសភារូបនេះ បាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«លោក ហ្សេឡិនស្កី បាននិយាយមិនពិត។ ពុំមានឧបករណ៍ណាមួយនៅតាមព្រំដែនទេ លើកលែងតែអ្វីដែលត្រូវការដើម្បីធានាសន្តិសុខរបស់ប្រទេសបេឡារុស ហើយរឿងនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ រួមទាំងនៅភាគខាងលិចផងដែរ»។
«យើងទាំងអស់គ្នាយល់យ៉ាងច្បាស់អំពីគោលដៅនៃសេចក្តីថ្លែងការណ៍បង្កហេតុទាំងនេះ ការអះអាងមិនពិត និងសកម្មភាពជ្រុលនិយមទាំងអស់នេះដែលផ្តោតលើប្រទេសបេឡារុស។ នេះគឺជាការប៉ុនប៉ងធ្វើឲ្យប្រទេសរបស់យើងធ្លាក់ចូលទៅក្នុងជម្លោះយោធា និងធ្វើឲ្យអឺរ៉ុបទាំងមូលរងផលប៉ះពាល់ផងដែរ»។
លោកបានបន្ថែមថា៖«ទាំងបេឡារុស និងរុស្ស៊ីសុទ្ធតែដឹងរឿងនេះ ហើយយើងនឹងមិនធ្វើតាមស្គ្រីបរបស់អ្នកដទៃទេ»៕