វាយកូនបាល់៖ ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, Wimbledon នឹងបើកឲ្យមានអ្នកគាំទ្រចូលទស្សនាក្នុងចំនួនកំណត់ នេះបើតាមការលើកឡើងរបស់អ្នករៀបចំ។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ពោលគឺ ៧ថ្ងៃបន្ទាប់ពីវិធានការរឹតបន្តឹងទប់ស្កាត់ Covid-19 នឹងបញ្ចប់នៅទឹកដីអង់គ្លេស។

ប្រធានគណៈកម្មការរៀបចំបានបញ្ជាក់ថា អ្វីៗនៅរង់ចាំទៅតាមកាលៈទេសៈជាក់ស្ដែង ខណៈចំនួនអ្នកគាំទ្រដែលកំណត់ឲ្យចូលទស្សនា នឹងត្រូវបញ្ជាក់នៅពេលក្រោយ។ កាលពីឆ្នាំ២០១៩ Wimbledon បានទទួលអ្នកគាំទ្រចូលទស្សនាសរុបដល់ទៅជាង ៥០ម៉ឺននាក់ក្នុងរយៈពេល ១៣ថ្ងៃនៃព្រឹត្តិការណ៍។ វិធានការនៃការដំណើរការទាំងកីឡាករ គ្រូបង្វឹក និងក្រុមការងារផ្សេងៗនឹងត្រូវបានអនុវត្តមិនខុសពី Grand Slam, Australian Open កាលពីខែមុនដែរ៕
អត្ថបទ៖នាង សុភាវុធ