រលកកម្ដៅដ៏ធ្ងន់ធ្ងរមួយដែលគ្របដណ្ដប់ពាសពេញទ្វីបអឺរ៉ុបភាគច្រើន បានជំរុញឲ្យមានការហាមប្រាមការទទួលទានគ្រឿងស្រវឹងមួយផ្នែកនៅប្រទេសបារាំង ការព្រមានទូទាំងប្រទេសអាល្លឺម៉ង់ និងការបិទតំបន់អ្នកគាំទ្របាល់ទាត់នៅប្រទេសអេស្ប៉ាញ ខណៈសីតុណ្ហភាពបានកើនឡើងដល់កម្រិតកំណត់ត្រា។
បារាំងរំពឹងថា ផ្នែក ឬតំបន់ចំនួន ៣៥ ក្នុងចំណោម ៩៦ របស់ខ្លួននឹងប្រកាសការជូនដំណឹងអំពីរលកកម្ដៅពណ៌ក្រហមនៅថ្ងៃអាទិត្យ ថ្ងៃ២១ មិថុនាសប្ដាហ៍នេះ ដោយសីតុណ្ហភាពពី ៣៩ ទៅ ៤០អង្សារសេ ត្រូវរំពឹងថានឹងមកពីភាគនិរតីឆ្លងកាត់តំបន់រដ្ឋធានីប៉ារីសទៅតំបន់ Burgundy ដោយតំបន់ខ្លះអាចឡើងដល់ ៤១អង្សាសេ។
បន្ទាប់ពីកិច្ចប្រជុំវិបត្តិ នាយករដ្ឋមន្ត្រីបារាំងលោក Sebastien Lecornu បានហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងទុកជាមុននៅថ្ងៃអាទិត្យសប្ដាហ៍នេះនៅឯពិធីបុណ្យ Fete de la Musique ប្រចាំឆ្នាំ និងព្រឹត្តិការណ៍សាធារណៈផ្សេងទៀតដែលនឹងប្រារព្ធឡើងនៅក្នុងតំបន់ទាំង៣៥ នោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរនៅទីក្រុងប៉ារីស បានបញ្ជាឲ្យឧទ្យាននានានៅតែបើកដំណើរការពេញមួយថ្ងៃ។
ការជូនដំណឹងអំពីការឡើងកម្ដៅត្រូវបានចេញនៅទូទាំងប្រទេសអាល្លឺម៉ង់ភាគច្រើន ដោយសីតុណ្ហភាពឡើងជិតដល់៣៨ អង្សាសេ។ សេវាអាកាសធាតុ DWD បានព្រមានថា ការរួមបញ្ចូលគ្នានៃកម្ដៅ និងសំណើម អាចបង្កឲ្យមានព្យុះផ្គររន្ទះធ្ងន់ធ្ងរ។
ក្រៅពីតំបន់ជួរភ្នំអាល់ស៍ (Alps)សីតុណ្ហភាពដែលត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៦ ទៅ ៣៧អង្សាសេ នឹងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃ និងទេសចរណ៍នៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសអ៊ីតាលី៕

