ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់ រួមទាំងអ្នកថតរូបរបស់សារព័ត៌មាន Al Jazeera ម្នាក់ និងកុមារម្នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាល និងអ្នកជួយសង្គ្រោះ។
ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បាននិយាយថា ខ្លួនថ្កោលទោសយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៃការកំណត់គោលដៅ និងការសម្លាប់ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួន លោក Ahmed Wishah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើផ្ទះមួយកន្លែងនៅកណ្តាលតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចោទប្រកាន់លោក Wishah ថាជា ភេរវករនៅក្នុងក្រុមយោធារបស់ក្រុមចលនាប្រដាប់អាវុធហាម៉ាស ដែលបានបម្រើការជាអ្នកបាញ់ស៊ីប។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដែលតួលេខរបស់ខ្លួនត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាអាចទុកចិត្តបាន បាននិយាយថា យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស១.០០៧នាក់ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមានកាលពីខែតុលាឆ្នាំមុន។
Al Jazeera បាននិយាយថា ការស្លាប់របស់លោក Wishah កាលពីថ្ងៃសៅរ៍ បង្កើតបានជាការរំលោភបំពានថ្មី និងជាក់ស្តែងនៃច្បាប់ និងបទដ្ឋានអន្តរជាតិទាំងអស់ ហើយឆ្លុះបញ្ចាំងពីគោលនយោបាយជាប្រព័ន្ធជាបន្តបន្ទាប់នៃការកំណត់គោលដៅលើអ្នកកាសែត និងបំបិទសំឡេងនៃសេចក្តីពិត៕


