លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំ ការពារ សម្របសម្រួល និងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ជូនគណៈប្រតិភូទាំងជាតិ និងអន្តរជាតិទាំងលើការធ្វើដំណើរ ការស្នាក់នៅ និងសកម្មភាពនានា ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)» លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ នៅលើទឹកដីខេត្តសៀមរាប កន្លងមកនេះ។
លោកជំទាវបណ្ឌិត មានប្រសាសន៍ថានេះគឺជាភាពជោគជ័យដោយមោទនភាពជាទីបំផុត ចំពោះការលះបង់ ការខិតខំទាំងកម្លាំងកាយចិត្ត គិតគូរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះរបស់ក្រុមការងារទាំងអស់គ្នា ទាំងស្នងការរបស់សមាគម ប្រធានសាខាខេត្តទាំង៧របស់សមាគម ប្អូនៗគាំទ្រ រួមទាំងសមាជិកាសកម្មគ្រប់ៗរូប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា "នេះជាអារម្មណ៍សប្បាយរីករាយឥតឧបមាដែលការខិតខំរបស់យើងបានបង្ហាញថ្វីដៃ ផ្តល់ឱកាសដល់ក្មេងៗស្រីៗដែលគ្មានឱកាស រហូតដល់ទទួលបានការសរសើរអំពីកម្ពុជាយើងក្នុងនាមជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អក្រៃលែង ហើយសមិទ្ធផលនេះ នាងខ្ញុំសូមប្រគល់ឱ្យក្រុមការងារទាំងអស់គ្នា ព្រោះថាបើគ្មានក្រុមការងារទាំងអស់គ្នា យើងក៏មិនទទួលបានភាពជោគជ័យនៅថ្ងៃនេះដែរ" ។
លោកជំទាវបណ្ឌិត សូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានសុខភាពល្អ សុខសប្បាយ និងបន្តរួមដំណើរជាមួយគ្នាដើម្បីទទួលបានភាពជោគជ័យបន្ថែមទៀត៕ អត្ថបទ៖ បាន សុខរិទ្ធិ
















