រលកកម្ដៅដ៏ធ្ងន់ធ្ងរមួយបានគ្របដណ្ដប់លើទ្វីបអឺរ៉ុបភាគច្រើនកាលពីថ្ងៃអាទិត្យ ដោយសីតុណ្ហភាពឡើងដល់ជិត ៤០អង្សាសេ ឬ (១០៤អង្សាហ្វារិនហៃ) ដែលជំរុញឱ្យមានការព្រមានទូទាំងប្រទេស ការរំខានដល់ការដឹកជញ្ជូន និងសញ្ញានៃភាពតានតឹងលើសត្វព្រៃ និងនៅតំបន់ទេសចរណ៍។

ការកើនឡើងកម្ដៅកាលពីថ្ងៃ ២១ ខែមិថុនា ដែលជាថ្ងៃរដូវក្តៅនៅអឌ្ឍគោលខាងជើង និងជាធម្មតាជាការចាប់ផ្តើមនៃខែក្តៅបំផុតទាំងបីនៃឆ្នាំនេះ បានបង្កើនការព្រួយបារម្ភអំពីការចាប់ផ្តើមនៃលក្ខខណ្ឌធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស និងអូសបន្លាយ។បន្ទាប់ពីសីតុណ្ហភាពលើសពី ៣៥អង្សាសេជាច្រើនថ្ងៃ ក្រុមអាជ្ញាធរអ៊ីតាលីបានចេញការព្រមានពណ៌ក្រហមសម្រាប់ថ្ងៃទី ២១ ខែមិថុនា នៅក្នុងទីក្រុងចំនួនប្រាំបី រួមទាំងទីក្រុង Bologna, Florence, Milan និង Turin។

នៅទីក្រុងរ៉ូម ក្រុមអ្នកធ្វើធម្មយាត្រានៅទីលានសេនភីធ័រ (St Peter) បានប្រើឆ័ត្រដើម្បីការពារខ្លួនពីកម្ដៅព្រះអាទិត្យដ៏ក្ដៅគគុក ខណៈសម្តេចប៉ាប បានដឹកនាំការអធិស្ឋានថ្ងៃអាទិត្យប្រពៃណីពីបង្អួចនៃវិមាន Apostolic។
ការកើនឡើងនៃសីតុណ្ហភាពកំពុងត្រូវបានជំរុញដោយខ្យល់ក្តៅដ៏ធំមួយដែលធ្វើដំណើរទៅភាគខាងជើងពីវាលខ្សាច់សាហារ៉ា ជំរុញដោយប្រព័ន្ធសម្ពាធខ្ពស់ដ៏ខ្លាំងក្លាមួយ ត្រូវបានគេស្គាល់ថាជា "ព្យុះស៊ីក្លូនអាហ្វ្រិក"។
នៅទីក្រុង ម៉ាដ្រីឌ (Madrid)ប្រទេសអេស្ប៉ាញ ប្រជាពលរដ្ឋនិងអ្នកទេសចរបានប្រើកង្ហារ និងទទួលទានទឹកត្រជាក់ ខណៈនៅប្រទេសបារាំង បានរឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង។

ក្រុមអ្នកឧតុនិយមនិយាយថា ប្រព័ន្ធនេះកំពុងបង្កើតអ្វីដែលហៅថា "ដោមកម្ដៅ" ដែលទប់ខ្យល់ក្តៅលើអឺរ៉ុបខាងលិច និងកណ្តាល ហើយអនុញ្ញាតឱ្យសីតុណ្ហភាពកើនឡើងជារៀងរាល់ថ្ងៃ។
នៅប្រទេសអាល្លឺម៉ង់ ជាទីដែលសីតុណ្ហភាពបានឡើងដល់ ៣៨អង្សាសេរួចហើយ សេវាអាកាសធាតុ DWD បានព្រមានអំពីព្យុះផ្គររន្ទះធ្ងន់ធ្ងរនៅតំបន់ភាគខាងកើត រួមទាំងទីក្រុងប៊ែរឡាំង ជាទីដែលភ្លៀងធ្លាក់ខ្លាំងបានរំខានដល់ពិធីបុណ្យ Fete de la Musique នៅខាងក្រៅ៕