បាល់ទាត់៖ អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញអារម្មណ៍រំភើបដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជួបជាមួយ Villarreal យប់នេះនៅកីឡដ្ឋាន Anfield។

នេះជាលើកទី៣ ហើយក្នុង ៤រដូវកាលចុងក្រោយដែលលោក Jurgen Klopp បានដឹកនាំ Liverpool ឡើងមកដល់វគ្គនេះ តែបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះនៅតែមានអារម្មណ៍ពិសេស និងរំភើបដោយបានលើកឡើងថា វាមិនមែនជារឿងងាយទេដែលមកដល់វគ្គនេះ គ្រូបង្វឹកជាច្រើន កីឡាករជាច្រើនខំប្រឹងរាប់ឆ្នាំនៅតែឡើងមិនដល់ ដូច្នេះលោកត្រូវតែរំភើប និងសប្បាយចិត្ត មិនត្រូវដេកព្រួយនោះឡើយ។ Liverpool កំពុងស្ថិតក្នុងដំណើរមហិច្ឆតាចង់ឈ្នះពាន ៤ ក្នុងមួយរដូវកាលបន្ទាប់ពីលើកពាន English League Cup រួច និងបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ FA Cup។
លោក Klopp បន្តថា គ្មានអ្វីដែលបញ្ជាក់ថា Villarreal ជាក្រុមខ្សោយលេងទល់នឹង Liverpool ឡើយ យើងអាចគិតឡើងវិញបាន ប្រសិនបើ Liverpool ជួប Juventus និង Bayern Munich វគ្គមុនតើអាចឆ្លងផុតទេ? មិនប្រាកដទេ តែ Villarreal អាចធ្វើបាន។ រំលឹកថា លោក Jurgen Klopp ក៏ធ្លាប់ចាញ់ក្រុមលោក Unai Emery ដែរនៅពេល Liverpool ចាញ់ Sevilla វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្នុងរដូវកាលដំបូងដែលលោក Klopp មកដឹកនាំ Liverpool៕
អត្ថបទ៖នាង សុភាវុធ