គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Graham Arnold បានបញ្ជាក់ថា ក្រុមរបស់លោកនឹងមិនប្តូរយុទ្ធសាស្ត្រទៅលេងបែបការពារខ្លាំងជាងមុនឡើយ ក្នុងការប្រកួតជាមួយក្រុមបារាំងព្រឹកស្អែក ទោះបីជាបានរងបរាជ័យ ៤-១ ក្រោមថ្វីជើងក្រុមន័រវេសក្នុងការប្រកួតបើកឆាកពូល I ក៏ដោយ។
ខ្សែការពាររបស់អ៊ីរ៉ាក់កំពុងប្រឈមនឹងការសាកល្បងដ៏លំបាកមួយ ក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេនៅព្រឹត្តិការណ៍នេះ។ ក្នុងជំនួបជាមួយន័រវែស ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលធ្លាប់ឈ្នះពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ចំនួន ៣ រដូវកាល បានស៊ុតបញ្ចូលទី ២ គ្រាប់ និងកត់ត្រាគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការប្រកួត World Cup។
បន្ទាប់ពីជួប Haaland រួច អ៊ីរ៉ាក់នឹងត្រូវប្រឈមមុខនឹងក្រុមបារាំង ដែលមានខ្សែប្រយុទ្ធកំពូល Kylian Mbappe។ Mbappe ដែលទើបក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង បានស៊ុត ២ គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៣-១ លើក្រុមសេណេហ្កាល់។
ជាមួយគ្នានេះលោក Arnold បានផ្តល់ដំណឹងល្អថា ខ្សែបម្រើប្រយុទ្ធ Ali Jasim មានស្ថានភាពរួចរាល់សម្រាប់ការប្រកួត បន្ទាប់ពីរងរបួសកនៅនាទីទី ៧៣ នៃការប្រកួតទល់នឹងន័រវែស។
ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ Aymen Hussein ដែលជាអ្នករកបានគ្រាប់បាល់តាមស្មើឱ្យអ៊ីរ៉ាក់ក្នុងការប្រកួតជាមួយន័រវែស បានបង្ហាញទំនុកចិត្តថា ក្រុមរបស់ខ្លួនមានសមត្ថភាពរកគ្រាប់បាល់ទម្លាយសំណាញ់ទីបារាំងបាន៕ អត្ថបទ៖នាង សុភាវុធ
