អាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ការឆ្លងវីរុស Ebola សរុប ដែលត្រូវបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ១.០០០ករណី កាលពីថ្ងៃអាទិត្យ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ខណៈមានការឆ្លងថ្មីត្រូវបានកត់ត្រា។
ការធ្វើបច្ចុប្បន្នរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ករណីដែលបានបញ្ជាក់នៃជំងឺនេះ បានកើនឡើងដល់ ១.០០៣ករណី ក្នុងនោះរួមមានការស្លាប់ចំនួន ២៥៤នាក់ ចាប់តាំងពីការផ្ទុះឡើងនូវជំងឺនេះត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា ដោយមានអត្រាមរណភាព ២៥,៣ភាគរយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Roger Kamba បាននិយាយថា កិច្ចប្រឹងប្រែងឆ្លើយតបទៅនឹងវីរុសនេះ នៅតែបន្តមាននៅក្នុងខេត្ត Ituri, North Kivu និង South Kivu ដោយមានភាពល្អប្រសើរឡើង សម្រាប់ចំនួនអ្នកជាសះស្បើយ ប៉ុន្តែអត្រាតាមដានទំនាក់ទំនងថយចុះ។ លោកបានបន្ថែមថា យ៉ាងហោចណាស់មានអ្នកជាសះស្បើយ ១០០នាក់ត្រូវបានកត់ត្រា ខណៈពេលដែលអ្នកជំងឺ ៣៦៥នាក់ នៅតែស្ថិតក្នុងវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានព្រមានថា ការផ្ទុះឡើងនូវជំងឺនេះ នាពេលបច្ចុប្បន្ន អាចកាន់តែអាក្រក់ជាងអ្វីដែលបានឃើញ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺនេះ នៅអាហ្វ្រិកខាងលិច ឆ្នាំ២០១៤-២០១៦ ដែលបានសម្លាប់មនុស្សជាង ១១.០០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន ប្រសិនបើការចម្លងមិនត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័សទេនោះ៕

