នគរបាលនិយាយនៅថ្ងៃចន្ទនេះថា ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារនៅសាលាវិទ្យាល័យជាតិ San Jose ស្ថិតក្នុងទីក្រុង Tacloban កោះ Leyte ដែលមានចម្ងាយប្រហែល ៥៨០គ.មភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ។
នគរបាលនិយាយថា មនុស្ស ៣នាក់ បានបាត់បង់ជីវិត និងមនុស្ស ៧នាក់ទៀត រងរបួស ក្រោយសិស្ស ២នាក់ បើកការការបាញ់ប្រហារ ក្នុងសាលាវិទ្យាល័យមួយកន្លែងស្ថិតនៅភាគកណ្តាលប្រទេសហ្វីលីពីន ។
លោក Noelito Getigan គឺជាស្នងការនគរបាលក្រុង Tacloban និយយាថា ជនសង្ស័យម្នាក់ គឺជាអានីតិជន និងជាសិស្សរៀនថា្នក់ទី ៩ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយឧបទ្ទេវហេតុនេះ ខណៈជនសង្ស័យម្នាក់ទៀត បានប្រគល់ខ្លួនឲ្យអាជ្ញាធរ ។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក ម៉ោងក្នុងស្រុក នៅខាងក្នុងសាលា នៅតំបន់ Barangay San Jose ស្ថិតក្នុងទីក្រុង Tacloban ។
ការិយាល័យនគរបាលក្រុង Tacloban កំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពបង្អែក ដើម្បីទទួលការព្យាបាល ៕

