ប្រភពពីឥណ្ឌាចំនួន ៤រូប បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា កំពុងចរចាជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីលក់ប្រព័ន្ធការពារឈានមុខមួយចំនួនរបស់ជាតិ ក្នុងនោះរួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ផងដែរ ខណៈដែលប្រទេសឈូងសមុទ្រនេះបង្កើនលទ្ធកម្មអាវុធ បន្ទាប់ពីមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
ប្រភព ២រូបដែលដឹងដោយផ្ទាល់អំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា ការពិភាក្សាដែលមិនត្រូវបានរបាយការណ៍ពីមុនមកនោះ រួមមានការលក់ប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា។
ចំណែកប្រភពមួយរូបទៀតដែលដឹងដោយផ្ទាល់អំពីបញ្ហានេះដែរ បាននិយាយថា៖ «អេមីរ៉ាតអារ៉ាប់រួមបានបង្ហាញការចាប់អារម្មណ៍ ចំពោះប្រព័ន្ធអាវុធមួយចំនួនរបស់យើង ក្នុងនោះមានរួមទាំងមីស៊ីល BrahMos និងប្រព័ន្ធការពារ Akashteer ផងដែរ។ ការចរចារវាងឥណ្ឌា និងអារ៉ារួមស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការទៅមុខយ៉ាងលឿន»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ មន្ត្រីឥណ្ឌា និងក្រសួងការបរទេសអារ៉ាប់រួម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
គួរបញ្ជាក់ថា មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពីប្រព័ន្ធលើដីគោក សមុទ្រ និងអាកាស ខណៈដែល Akashteer គឺជាប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd គ្រប់គ្រងដោយរដ្ឋ និងកងទ័ពរបស់ឥណ្ឌា៕