ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក នៃវិស័យការងារ សន្តិសុខសង្គម និងវិជ្ជាជីវៈ ព្រមទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយនាំយកឱកាសការងារសរុបចំនួន ៤,១២២ កន្លែង ដើម្បីផ្ដល់ជូនដល់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច។ អ្នកចូលរួមនឹងមានឱកាសដាក់ពាក្យស្នើសុំការងារ និងកម្មសិក្សាការងារ ព្រមទាំងសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗជាច្រើនដែលចូលរួមតាំងបង្ហាញឱកាសការងារ។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា៖«វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជន និងអ្នកស្វែងរកការងារ ក្នុងការជួបផ្ទាល់ជាមួយនិយោជក ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងដាក់ពាក្យសម្ភាសន៍ភ្លាមៗ ដើម្បីបង្កើនឱកាសទទួលបានការងារសមរម្យ»។
លោកបានបន្ថែមថា វេទិកានេះក៏ជាផ្នែកមួយក្នុងការសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មរបស់ទីផ្សារការងារបច្ចុប្បន្ន។
យុវជន សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយសេរី និងទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬតាមរយៈគេ nea.gov.kh និងទំព័រ Facebook NEA Khmer។




