នគរបាលបាននិយាយថា សិស្សពីរនាក់ប្រដាប់ដោយកាំភ្លើងខ្លី បានបើកការបាញ់ប្រហារក្នុងវិទ្យាល័យមួយនៅកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ២២មិថុនាសប្ដាហ៍នេះ ដោយបានសម្លាប់មិត្តរួមថ្នាក់ ៣ នាក់ និងបណ្ដាលឱ្យរបួស ៧ នាក់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ឯក Jason Capoy អធិការនគរបាលតំបន់បាននិយាយថា ជនសង្ស័យដែលមានអាយុ ១៤ និង១៥ ឆ្នាំត្រូវបានចាប់ខ្លួន។ជនសង្ស័យ និងជនរងគ្រោះគឺជាសិស្សនៃវិទ្យាល័យជាតិ San Jose ក្នុងទីក្រុង Tacloban ជាកន្លែងដែលការបាញ់ប្រហារនៅពាក់កណ្តាលព្រឹកបានកើតឡើង ។
ប្រធានាធិបតីលោក Ferdinand R. Marcos Jr. បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងបង្កើនវិធានការសន្តិសុខបន្ទាប់ពីឧបទ្ទវហេតុបាញ់ប្រហារនោះ។

ការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់មូលហេតុនៃការបាញ់ប្រហារនៅក្នុងសាលាគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានសិស្សជាង១.៥០០ នាក់។លោក Capoy បាននិយាយថា ជនសង្ស័យ ដែលជាមិត្តភក្តិជិតស្និទ្ធ បាននិយាយនៅក្នុងការសួរចម្លើយដំបូងថា ពួកគេត្រូវបានគេធ្វើបាបនៅក្នុងសាលា។ លោកពុំបានពន្យល់លម្អិតទេ។

ពួកគេពុំមានកំណត់ត្រាព្រហ្មទណ្ឌទេ។ ជនសង្ស័យម្នាក់ បានទទួលកាំភ្លើងខ្លីទំហំ៩ មីលីម៉ែត្រដែលរូបគេបានប្រើក្នុងការវាយប្រហារពីមីងម្នាក់ ជាមន្ត្រីនគរបាល ដែលឥឡូវនេះកំពុងត្រូវបានស៊ើបអង្កេត។ ជនសង្ស័យម្នាក់ទៀតបានប្រើកាំភ្លើងខ្លីប្រភេទ cal.38។ ពួកគេបានយកកាំភ្លើងទាំងនោះចូលទៅក្នុងបរិវេណសាលា ព្រោះមានអ្នកយាមតែម្នាក់គត់ដែលកំពុងបំពេញកាតព្វកិច្ចនៅច្រកចូល និងច្រកចេញជាច្រើន។
លោក Capoy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យបានចូលទៅក្នុងបន្ទប់ពីរ ព្រោះបន្ទាប់ពីការបាញ់ប្រហារលើកដំបូង ក្មេងៗបានរត់គេចខ្លួន ហើយជនសង្ស័យហាក់ដូចជាបានរត់តាមជនរងគ្រោះមួយចំនួនចូលទៅក្នុងបន្ទប់មួយទៀត៕