ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវលីបង់ បាននិយាយកាលពីថ្ងៃចន្ទ ទី ២២ ខែមិថុនាថា ការខូចខាតដោយផ្ទាល់ចំពោះអគារនៅភាគខាងត្បូងប្រទេសលីបង់ក្នុងសង្គ្រាមចុងក្រោយ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ១,៣៨ ពាន់លានដុល្លារអាមេរិក។

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលលីបង់បាននិយាយថា «ជាសរុប អគារចំនួន១១.០៩៥កន្លែងត្រូវបានបំផ្លាញទាំងស្រុង ប៉ះពាល់ដល់លំនៅឋាន១៧.៨៩១ខ្នង ខណៈអគារ២.២៤២កន្លែងបានរងការខូចខាតដោយផ្នែក និងអគារ៩.៣១១កន្លែងបានរងការខូចខាតតិចតួច»។

សេចក្តីថ្លែងការណ៍និយាយថា «ការរកឃើញ បង្ហាញថា ការខូចខាតដោយផ្ទាល់ចំពោះអគារនៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១,៣៨ ពាន់លានដុល្លារអាមេរិក»។
ក្រុមហេសបូឡា បានទាញប្រទេសលីបង់ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ដោយការបាញ់រ៉ូកែតទៅលើអ៊ីស្រាអែលដើម្បីគាំទ្រអ៊ីរ៉ង់ដែលជាអ្នកគាំទ្ររបស់ខ្លួន។ អ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងបានឈ្លានពានតាមដីគោក ហើយកងទ័ពរបស់ប្រទេសនេះកំពុងធ្វើប្រតិបត្តិការនៅក្នុងទឹកដីព្រំដែនដែលមានជម្រៅចូលជ្រៅប្រហែលដប់គីឡូម៉ែត្រនៅក្នុងប្រទេសលីបង់ ជាកន្លែងដែលពួកគេបានធ្វើប្រតិបត្តិការរុះរើ និងឈូសឆាយតំបន់នោះ។
ភាគីទាំងពីរមិនបានគោរពបទឈប់បាញ់ថ្ងៃទី១៧ ខែមេសាទេ ហើយការប្រយុទ្ធគ្នាបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានគំរាមធ្វើឱ្យរំខានដល់កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមតំបន់មជ្ឈិមបូព៌ា។