ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបការងារជាមួយឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី កាលពីរសៀលថ្ងៃទី២៦ មេសា ឆ្នាំ២០២២កន្លងទៅនេះ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេស ដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួលស្គាល់ នូវល្បឿននៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ឯកឧត្តម បានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍ពិភពលោកនៅទីក្រុងរ៉ូមឆ្នាំ២០៣០ខាងមុខ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានប្រមាណជាង ៣៤០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និងជាង ៣៧០លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ កំណើន ៧.៧៤%។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានធ្លាក់ចុះមកត្រឹមជាង ៣៣០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ថយចុះ១១.៦៤% ហើយកើនឡើងវិញបន្តិចបន្តួចនៅឆ្នាំ២០២១ ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕ អត្ថបទ ឈិត បូរ៉ាវី