លោក Daryl Caudle មេបញ្ជាការប្រតិបត្តិការកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ថា សហរដ្ឋអាមេរិក បានចាត់ទុកព្រែកជីកប៉ាណាម៉ា ជាអាទិភាពសន្តិសុខជាតិ និងមានបំណងធានាថាគ្មានប្រទេសទីបីអាចមានឥទ្ធិពលលើការប្រើប្រាស់ឡើយ។

ថ្លែងនៅទីក្រុងប៉ាណាម៉ា លោក Caudle បាននិយាយថា ព្រែកជីកនេះមានសារៈសំខាន់សម្រាប់ការចល័តកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិករវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយប្រទេសប៉ាណាម៉ា មានសារៈសំខាន់ក្នុងការការពារដំណើរការនោះ។

លោកបាននិយាយថា សហរដ្ឋអាមេរិក មានបំណងធ្វើឱ្យប្រាកដថា ប្រទេសនានា ដូចជាប្រទេសចិនមិនអាច«កំណត់លក្ខខណ្ឌ» សម្រាប់ការប្រើប្រាស់ផ្លូវទឹកនេះឬមានឥទ្ធិពលលើសកម្មភាពពាណិជ្ជកម្ម និងអំណាចកងទ័ពជើងទឹក បានទេ។ យោងតាមលោក Caudle បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន រវាងប្រទេសនានាគឺមានសារៈសំខាន់ក្នុងការទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាន។
ទំនាក់ទំនងរវាងរដ្ឋបាលលោក Trump និងប្រទេសប៉ាណាម៉ាជុំវិញព្រែកជីកនេះ មានភាពតានតឹងចាប់តាំងពីលោក Trump បានចោទប្រកាន់ប្រទេសចិនថាមានឥទ្ធិពលមិនត្រឹមត្រូវលើផ្លូវទឹកនេះ និងបានគំរាមថានឹងធានាឡើងវិញនូវការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ហើយមានសារៈសំខាន់ជាយុទ្ធសាស្ត្រជាយូរមកហើយសម្រាប់សកម្មភាពពាណិជ្ជកម្ម និងយោធារបស់សហរដ្ឋអាមេរិក។