ការិយាល័យមេដឹកនាំទួរគីបាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានធានាដល់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក Masoud Pezeshkian ថា ប្រទេសរបស់លោក នឹងផ្តល់ការគាំទ្រដើម្បីនាំដំណើរការចរចារវាងសាធារណរដ្ឋឥស្លាម និងសហរដ្ឋអាមេរិក ឈានទៅរកការបញ្ចប់ដោយសន្តិវិធី។

ការិយាល័យនេះ បានបន្តថា៖«លោកប្រធានាធិបតី អឺដូហ្កាន់ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថា ទួរគីនឹងផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់ ដើម្បីបញ្ចប់ដំណើរការចរចាដោយសន្តិវិធី។ លោកបានកត់សម្គាល់ថា ពិតជាមានសារៈសំខាន់ណាស់ ដែលត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលកំពុងស្វែងរកការរារាំងកិច្ចចរចា»។

ការិយាល័យនេះបានបន្ថែម៖«លោកប្រធានាធិបតីទួរគីក៏បាននិយាយផងដែរថា ការចាត់វិធានការ ដើម្បីពង្រឹងសន្តិភាពក្នុងតំបន់ គឺជាកិច្ចការសំខាន់ និងចាំបាច់ ហើយទួរគីនឹងខិតខំឆ្ពោះទៅរកគោលដៅនេះ»៕