មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេសអ៊ុយក្រែនអាចនឹងកែសម្រួលឡើងវិញនូវការស្នើរបស់ខ្លួន ចំពោះរុស្ស៊ី ពាក់ព័ន្ធនឹងបទឈប់បាញ់តាមបណ្តោយខ្សែត្រៀមជួរមុខជាក់ស្តែង ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនអាចអនុម័តសេចក្តីសម្រេចដែលជំរុញឲ្យបញ្ចប់អរិភាពទាំងស្រុង និងដោយគ្មានលក្ខខណ្ឌទេនោះ។

ប្រេសិតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Andrii Melnyk បានថ្លែងអំឡុងសម័យប្រជុំដ៏វែងមួយរបស់ UNSC ជាកិច្ចប្រជុំលើកទី៦ ដែលបានអំពាវនាវឲ្យដោះស្រាយសង្គ្រាមនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Melnyk បានលើកឡើងថា៖ «ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីធានាបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ស្របតាមធម្មនុញ្ញ UN ប៉ុន្តែការអត់ធ្មត់របស់យើងមិនមែនមិនមានទីបញ្ចប់នោះទេ»។
បេសកជនរូបនេះបានបន្ថែមថា៖ «ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ នឹងជ្រើសរើសវិធីសាស្រ្តរង់ចាំមើលបន្ថែមទៀត ខ្ញុំមិនអាចបដិសេធនោះឡើយថា អ៊ុយក្រែនអាចនឹងកែសម្រួលឡើងវិញ និងកែប្រែការស្នើរបស់ខ្លួន»។
ជាមួយគ្នានេះដែរ លោក Dan Negrea តំណាងអចិន្ត្រៃយ៍រងរបស់សហរដ្ឋអាមេរិកប្រចាំ UN និយាយថា សហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ប្រទេសនេះ ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ពេលវេលាមិននៅខាងរុស្ស៊ីទេ។
អ្នកការទូតរូបនេះ បានបញ្ជាក់ថា សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានអូសបន្លាយពេលយូរពេកហើយ ហើយត្រូវតែបញ្ចប់ ហើយការឆ្លើយតបតែមួយគត់ ចំពោះស្ថានភាពទាំងមូលនេះ គឺការទូត និងការចរចា ព្រោះ «គ្មានអ្វីផ្សេងទៀតនឹងបញ្ឈប់ការសម្លាប់ដ៏គ្មានន័យនេះបានទេ»។
លោក Negrea បានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាចិត្ត ចំពោះការឈានដល់បទឈប់បាញ់ និងការចរចាដោះស្រាយជម្លោះ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គ្រប់គ្រាន់ហើយ! ដល់ពេលត្រូវមានបទឈប់បាញ់ជាបន្ទាន់ហើយ»៕


