គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានគោលបំណងបង្កើតរដ្ឋធានីទី២ ដែលអាចបម្រើជាជំនួយដល់ទីក្រុងតូក្យូ ក្នុងករណីមានគ្រោះមហន្តរាយធំ។
ច្បាប់ដែលត្រូវបានស្នើឡើងនេះ ស្វែងរកការបង្កើតមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ ដែលមានសមត្ថភាពអនុវត្តមុខងារស្នូលរបស់រដ្ឋាភិបាល ប្រសិនបើទីក្រុងតូក្យូត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Jiji Press របស់ជប៉ុន។
វិធានការនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគោលនយោបាយដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំមុន ដោយគណបក្សកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន (JIP)។
ចំណុចសំខាន់មួយដែលនាំឲ្យមានការមិនចុះសម្រុងគ្នា គឺផ្តោតលើឃ្លាដែលគ្រប់គ្រងការធ្វើប្រជាមតិ ស្ដីពីការបង្កើតសង្កាត់រដ្ឋបាលពិសេស នៅក្នុងទីក្រុងនានា។
ក្រោមសេចក្តីព្រាងច្បាប់ដែលត្រូវបានកែសម្រួលនេះ វិសាលភាពនៃអ្នកមានសិទ្ធិបោះឆ្នោត នឹងត្រូវបានកំណត់ចំពោះអ្នករស់នៅក្នុងទីក្រុងដែលពាក់ព័ន្ធ ដែលបើកផ្លូវឲ្យមានការអនុម័តរបស់គណបក្ស LDP៕