នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថាន សម្រាប់ជំនួបជាមួយក្រុមមន្រ្តីដែលជួយសម្របសម្រួលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ លើការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍នៅតំបន់មជ្ឈិមបូព៌ា ។
ដំណើរទស្សនកិច្ចនេះ បានកើតមានឡើង ក្រោយសហរដ្ឋអាមេរិកលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់សម្រាប់រយៈពេល ៦០ថ្ងៃ ក្រោយកិច្ចប្រជុំដំបូង ក្រោមកិច្ចព្រមព្រៀងសន្តិភាពទើបនឹងកើតឡើង ក្នុងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងធ្វើអ្វីដែលលោកចង់ធ្វើ បើសិនជាអ៊ីរ៉ងមិនធ្វើតាមកិច្ចព្រមព្រៀងទេនោះ ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយដែរថា កិច្ចប្រជុំជាមួយក្រុមមន្រ្តីអ៊ីរ៉ង់នៅប្រទេសស្វីស បានដាក់ចេញគ្រឹះដ៏ល្អ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ប៉ុន្តែអ៊ីរ៉ង់ច្រានចោលថា ពួកគេពុំបានចាប់ផ្តើមពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬយល់ព្រមអញ្ជើញក្រុមសង្កេតការរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ពួកគេវិញនោះទេ ។
យោងតាមការអះអាងរបស់ក្រុមអ្នកសម្របសម្រួល បានឲ្យដឹងថា ជុំដំបូងនៃកិច្ចប្រជុំរវាងក្រុមមន្រ្តីកម្រិតខ្ពស់មកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីស បានបញ្ចប់ហើយ ក្នុងនោះភាគីទាំង ២ បានឯកភាពគ្នាលើផែនទីតម្រង់ទិសឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១០០ថ្ងៃរបស់ពួកគេ ។
ពួកគេបន្តថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឯកភាពគ្នា បង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សាឲ្យបើកច្រកសមុទ្រដ៏ចាំបាច់ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសលីបង់នៅកិច្ចប្រជុំវិលជុំដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ៕