បរិយាកាសនៃការប្រកួតបាល់ទាត់ពិភពលោក កំពុងកើនឡើងយ៉ាងខ្លាំងនៅទីក្រុង Houston រដ្ឋតិចសាសសហរដ្ឋអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយមានប្រជាជនរស់នៅចម្រុះជាតិសាសន៍ និងវប្បធម៌។
ប្រជាជនប្រមាណមួយភាគបីនៃទីក្រុងនេះមានដើមកំណើតនៅក្រៅសហរដ្ឋអាមេរិក ហើយមានភាសាជាង ១៤៥ ភាសាត្រូវបាននិយាយនៅទីនេះ។

ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ទីក្រុង Houston បានប្រែក្លាយជាមជ្ឈមណ្ឌលនៃការអបអរសាទរ ដោយមានព្រឹត្តិការណ៍ទស្សនាការប្រកួតរួមគ្នានៅតំបន់ កណ្តាលទីក្រុង ហាងអាហារ បារ និងកន្លែងសាធារណៈជាច្រើន ដែលពោរពេញទៅដោយអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗ។

លោក Frank Haces វ័យ ២៧ ឆ្នាំ បានទស្សនាការប្រកួតជាមួយសមាជិកគ្រួសាររបស់គាត់ដែលធ្វើដំណើរមកពីម៉ិកស៊ិក បាននិយាយថា បរិយាកាសនៅតំបន់ Fan Festival គឺពិតជាអស្ចារ្យ ដោយអាចឃើញមនុស្សពីវប្បធម៌ផ្សេងៗរស់នៅ និងអបអរសាទរកីឡាបាល់ទាត់ជាមួយគ្នា។
លោកបានបញ្ជាក់ថា៖ «វាជាបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដែលអាចឃើញមនុស្សពីគ្រប់វប្បធម៌មកជួបជុំគ្នា សប្បាយរីករាយ និងអបអរសាទរមិនត្រឹមតែកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរភាពជាមនុស្សជាតិផងដែរ»។

នៅពេលក្រុមជម្រើសជាតិម៉ិកស៊ិកចូលប្រកួត អាវពណ៌បៃតងរបស់អ្នកគាំទ្រម៉ិកស៊ិកអាចមើលឃើញស្ទើរគ្រប់ទីកន្លែង ចាប់ពីភោជនីយដ្ឋាន បារ ផ្សារទំនើប រហូតដល់តាមដងផ្លូវ។ នេះក៏ស្របទៅនឹងស្ថិតិដែលបង្ហាញថា ប្រជាជនមានដើមកំណើតម៉ិកស៊ិកមានប្រមាណមួយភាគបីនៃប្រជាជនសរុបនៅទីក្រុង Houston។
អ្នកវិភាគមើលឃើញថា ទីផ្សារការងារដ៏រឹងមាំរបស់ Houston ជាពិសេសក្នុងវិស័យថាមពល និងសុខាភិបាល រួមទាំងការចំណាយក្នុងការរស់នៅសមរម្យ និងទីតាំងភូមិសាស្ត្រជិតតំបន់អាមេរិកឡាទីន បានទាក់ទាញជនអន្តោប្រវេសន៍ពីជុំវិញពិភពលោកឱ្យមករស់នៅទីនេះ។

លោក Sae Yang វ័យ ៣៥ ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង បានលើកឡើងថា ការចែករំលែកទំនៀមទម្លាប់ និងការអបអរសាទរផ្សេងៗរវាងអ្នកគាំទ្រជាច្រើនជាតិសាសន៍ គឺជាអ្វីដែលធ្វើឱ្យ World Cup នៅ Houston មានភាពពិសេស។

ចំណែកស្ត្រីជនជាតិកាណាដា Saige Antoine បាននិយាយថា នាងរីករាយក្នុងការជួបមនុស្សថ្មីៗពីបណ្តាប្រទេសផ្សេងៗ ដែលមានចំណង់ចំណូលចិត្តដូចគ្នាចំពោះកីឡាបាល់ទាត់។
នាងបានរំលឹកថា៖ «តាំងពីថ្ងៃដំបូងៗនៃការប្រកួត បរិយាកាសពិតជាអស្ចារ្យខ្លាំងណាស់។ មនុស្សគ្រប់គ្នាចង់បង្ហាញទង់ជាតិ គ្រឿងតុបតែង និងអ្វីៗដែលតំណាងឱ្យវប្បធម៌របស់ពួកគេ ដើម្បីគាំទ្រក្រុម និងបង្ហាញអត្តសញ្ញាណរបស់ខ្លួន»។
ការប្រកួតបាល់ទាត់ពិភពលោកមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាវេទិកាដែលភ្ជាប់មនុស្សពីជាតិសាសន៍ និងវប្បធម៌ផ្សេងៗឱ្យមកជួបជុំគ្នាក្រោមចំណង់ចំណូលចិត្តរួមមួយ គឺកីឡាបាល់ទាត់៕ អត្ថបទ៖នាង សុភាវុធ



