រដ្ឋអាជ្ញាបាននិយាយថា អាជ្ញាធរប្រទេសទួរគី បានឃុំខ្លួនមនុស្ស ២០៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា មួយថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បានដាក់ការរឹតត្បិតលើការជួបជុំជាសាធារណៈនៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយ។ ក្រុមប្រឆាំង បាននិយាយថា ការឆ្មក់បង្ក្រាបទាំងនេះគឺជាផ្នែកមួយនៃអ្វីដែលពួកគេហៅថា ជាការបង្ក្រាបកាន់តែទូលំទូលាយលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពលរដ្ឋ នៅក្នុងប្រទេសទួរគី។

ប្រធានការិយាល័យរដ្ឋអាជ្ញាទីក្រុងអង់ការ៉ា បាននិយាយថា ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់ជនសង្ស័យ២៤១នាក់ ក្រោមការស៊ើបអង្កេតលើអង្គការសកម្មប្រយុទ្ធជាច្រើន រួមទាំងរដ្ឋអ៊ីស្លាម និងក្រុមឆ្វេងនិយមជ្រុល។

ប្រធានការិយាល័យបាននិយាយថា ជនសង្ស័យ២០៩នាក់ ត្រូវបានឃុំខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកជនសង្ស័យដែលនៅសល់កំពុងដំណើរការ។ ប្រតិបត្តិការនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការិយាល័យអភិបាលក្រុងអង់ការ៉ា បានប្រកាសបម្រាមរយៈពេល ១៣ថ្ងៃចំពោះ ការធ្វើបាតុកម្ម សន្និសីទសារព័ត៌មាន និងការប្រមូលផ្តុំគ្នាជាសាធារណៈផ្សេងៗ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅថ្ងៃទី៧-៨ ខែកក្កដា។