នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសរុស្ស៊ី បានលើកឡើងថា សហរដ្ឋអាមេរិកលែងជា «អ្នកសម្រុះសម្រួលដែលមិនលម្អៀង» ទៀតហើយ នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីជួយសម្របសម្រួលបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈដែលខ្លួនបានរិះគន់ផែនការរបស់អឺរ៉ុប ក្នុងការជំរុញការចំណាយ លើវិស័យការពារជាតិ។
កិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិក ស្ដីអំពីការបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់តំបន់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំង ខណៈដែលប្រធានាធិបតី លោក Donald Trump បានបង្វែរការយកចិត្តទុកដាក់របស់លោកទៅកាន់មជ្ឈិមបូព៌ាវិញ បន្ទាប់ពីបានបញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។
នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់បេសកជនបរទេសនៅទីក្រុងមូស្គូថា៖ «ចំពោះសហរដ្ឋអាមេរិក ដោយវិនិច្ឆ័យតាមសកម្មភាពរបស់ពួកគេ ពួកគេហាក់ដូចជាកំពុងបោះបង់ចោលការទាមទារណាមួយ ចំពោះតួនាទីជាអ្នកសម្រុះសម្រួលដែលមិនមានភាពលម្អៀង ហើយជំនួសមកវិញ កំពុងបន្តដំណើរការដាក់សម្ពាធទណ្ឌកម្មកាន់តែខ្លាំងឡើងលើរុស្ស៊ី»។

នៅឯកិច្ចប្រជុំកំពូលនៃប្រទេសមានឧស្សហកម្មលូតលាស់ទាំង៧ (G7) ក្នុងប្រទេសបារាំង កាលពីដើមខែនេះ មេដឹកនាំនានា រួមទាំងលោក Trump ផងដែរ បានយល់ព្រមបង្កើនសម្ពាធ លើ «សេដ្ឋកិច្ចអំណោយផលដល់សង្គ្រាម» របស់រុស្ស៊ី ដោយពង្រឹងទណ្ឌកម្ម រួមទាំងលើថាមពលផងដែរ។
ជាមួយគ្នានេះ អំឡុងពេលថ្លែងដាច់ដោយឡែកពីគ្នា នាថ្ងៃអង្គារនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អឺរ៉ុបកំពុងរៀបចំខ្លួនដោយបើកចំហ ដើម្បីមានសង្គ្រាម តាមរយៈកម្មវិធីបង្កើនអាវុធឡើងវិញដ៏ធំរបស់ខ្លួន ដែលត្រូវបានជំរុញដោយលោក Trump៕
