ស្ទឹងត្រែង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងយោធា និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលបានកសាងដោយកងឯកភាពស្ថាបនាថ្នល់-ស្ពាន លេខ៧១៥ និងកងឯកភាពស្ថាបនាថ្នល់លេខ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ឧត្តមសេនីយ៍ត្រី សុខ សុផល បានរាយការណ៍ជូនគណៈប្រតិភូជ្រាបអំពីសកម្មភាព និងលទ្ធផល នៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមមានការ ដ្ឋានផ្លូវ ចំនួន០៣ខ្សែ រួមទាំងសំណង់មុខទឹក លើខ្សែផ្លូវមេ បន្តពីPk17+000 ដល់អូរអាល័យ ប្រវែង ១៧គីឡូម៉ែត្រ ផ្លូវខ្នែង បំបែកពីផ្លូវមេ-អូរតាង៉ាវលើ ប្រវែង៨គីឡូម៉ែត្រ ផ្លូវមេ បន្តពីផ្លូវបំបែកជាមួយផ្លូវខ្នែង ឆ្ពោះទៅព្រលាន អូតាង៉ាវ ប្រវែង៣គីឡូម៉ែត្រ។
ឯកឧត្តម វ៉ា គឹមហុង ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពស្ថាបនាផ្លូវ និងសំណង់ មុខទឹករបស់មេបញ្ជាការ មេបញ្ជាការរង កងឯកភាព ទាំង២ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលក្នុងរយៈពេលកន្លងមក ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏កងឯកភាពទាំងពីរ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈបំផុត។
ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែរក្រវ៉ាត់ព្រំដែន និងបង្គោលខណ្ឌសីមាទាំងអស់នេះ ជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃ ហើយបានសំម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំ ក្រោមម្លប់សន្តិភាព ក្នុងការអនុវត្តនយោបាយកសាងព្រំដែន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញ (កសាងខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព) ដើរទន្ទឹមនឹងអនុវត្តគោលនយោបាយ កសាងខឿន ការពារប្រទេសជាតិជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ មាស ផល្លា