កំពង់ស្ពឺ ៖ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំដោយសារជំងឺកូវី-១៩កន្លងមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះលោកជំទាវប្រធានមូលនិធិបានឱ្យដឹងថា អណ្តូងទឹកទាំងនេះ រួមមានអំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសកលីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។លោកជំទាវ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវដល់បងប្អូនអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអញ្ជើញទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ/សង្កាត់ឱ្យបានគ្រប់ៗគ្នា។
លោកជំទាវបន្ថែមថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ព្រោះអណ្តូងទឹកទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ដោយទឹកស្អាតបានជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ឱ្យមានសុខភាពល្អជៀសផុតពីជំងឺទាំងឡាយទាំងពួងបាន។
ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីអណ្តូងទឹកស្អាតទាំងនេះបានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញគិតគូរដល់ជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ និងការថែទាំសុខភាពអនាម័យ ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។
ក្រៅពីការផ្ដល់អណ្ដូងទឹកលោកជំទាវក៏បានចែកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។លោកជំទាវក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ក្នុងអំឡុងពេលពិនិត្យនោះមានពលរដ្ឋចំនួន៥នាក់ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ លោកជំទាវក៏បានទទួលយកពួកគាត់មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ដោយ៖ គង់ ឌិន











