អាវពណ៌ខៀវដ៏ល្បីល្បាញរបស់ Diego Maradona ដែលបច្ចុប្បន្នមានតម្លៃរហូតដល់ ៩.២៨ លានដុល្លារក្នុងការដេញថ្លៃ អាចមានប្រភពចេញពីទីផ្សារតូចមួយក្នុងសង្កាត់ Tepito នៃទីក្រុង Mexico City ប្រទេសម៉ិកស៊ិក នេះបើយោងតាមភាពយន្តឯកសារថ្មីមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។
ផលិតករភាពយន្តជនជាតិអង់គ្លេស លោក Phidel McCabe ដែលកំពុងរស់នៅទីក្រុង Mexico City បានបង្កើតភាពយន្តឯកសារមួយមានចំណងជើងថា “El Diez: Made in Tepito” ដើម្បីស្វែងរកការពិតនៅពីក្រោយអាវដែល Maradona ពាក់ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ World Cup ឆ្នាំ ១៩៨៦ ទល់នឹងអង់គ្លេស។
ការប្រកួតនោះបានក្លាយជាប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក បន្ទាប់ពី Maradona ស៊ុតបញ្ចូលទីពីរគ្រាប់ដ៏ល្បី គឺគ្រាប់បាល់ “Hand of God” និង “Goal of the Century” នៅកីឡដ្ឋាន Azteca នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៦។
យោងតាមប្រភពពីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រុមបានផ្លាស់ប្តូរអាវជាមួយក្រុមអ៊ុយរូហ្គាយបន្ទាប់ពីការប្រកួតមុន ហើយត្រូវការអាវពណ៌ខៀវថ្មីជាបន្ទាន់សម្រាប់ជំនួបទល់នឹងអង់គ្លេស។ ដូច្នេះ ពួកគេត្រូវបានគេរាយការណ៍ថាបានទៅរកទិញអាវនៅទីផ្សារ Tepito ដែលល្បីឈ្មោះជាផ្សារដែលមានលក់អ្វីៗគ្រប់យ៉ាង។
លោក McCabe បាននិយាយថា លោកបានចាប់អារម្មណ៍លើរឿងនេះ បន្ទាប់ពីបានអានអត្ថបទមួយរបស់ ESPN ហើយក្នុងនាមជាអ្នកគាំទ្រ Maradona ម្នាក់ លោកបានចាប់ផ្តើមចុះស្រាវជ្រាវដោយផ្ទាល់នៅទីផ្សារ Tepito។
ទោះជាយ៉ាងណា រឿងរ៉ាវនេះនៅតែស្ថិតក្នុងភាពចម្រូងចម្រាស ដោយមានទាំងការគាំទ្រ ការសង្ស័យ និងការបកស្រាយខុសៗគ្នា សូម្បីតែក្នុងចំណោមប្រជាជននៅទីក្រុង Mexico City ផ្ទាល់ក៏ដោយ។
លោក McCabe បានបញ្ជាក់ថា៖ «សូម្បីតែអ្នករស់នៅទីនេះក៏មិនប្រាកដថា រឿងនេះជាការពិតឬអត់ដែរ។ នោះហើយជាមូលហេតុដែលធ្វើឱ្យខ្ញុំកាន់តែចង់ស្វែងរកការពិត»។
ភាពយន្តឯកសារនេះផ្តោតលើរយៈពេល ៦ ថ្ងៃរវាងការប្រកួតរបស់អាហ្សង់ទីនទល់នឹងអ៊ុយរូហ្គាយនៅទីក្រុង Puebla និងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងអង់គ្លេសនៅទីក្រុង Mexico City។
ជាផ្នែកមួយនៃការផ្សព្វផ្សាយភាពយន្ត សិល្បការិនី Ana Xhopa មកពីរដ្ឋ Oaxaca បានគូរផ្ទាំងគំនូរធំមួយ ដើម្បីរំលេចតួនាទីរបស់សហគមន៍ Tepito និងពាណិជ្ជករក្នុងតំបន់។ នាងបានលើកឡើងថា រឿងនេះមិនមែនត្រឹមជាប្រវត្តិសាស្ត្ររបស់ FIFA តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារឿងរ៉ាវរបស់ពាណិជ្ជកម្មក្នុងស្រុក និងប្រជាជនម៉ិកស៊ិក ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ៕ អត្ថបទ៖នាង សុភាវុធ



